មនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅអង់គ្លេសកើនឡើងដល់ ៤៦៣ នាក់ ខណៈ មានអ្នកឆ្លងជិតមួយម៉ឺននាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសអង់គ្លេសបានរាយការណ៍ថា គិតមកដល់ពេលនេះមានអ្នកជំងឺ COVID-19 ទូទាំងប្រទេសសរុប ៤៦៣នាក់ បានបាត់បង់ជីវិត ខណៈចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៩,៥២៩ នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅ ថ្ងៃ ទី ២៦ ខែ មីនា ឆ្នាំ ២០២០។យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ អាជ្ញាធរសុខាភិបាលបានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ១,៤៥២ករណីថ្មីទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ជិតមួយម៉ឺននាក់។ រដ្ឋាភិបាលអង់គ្លេសក៏បានព្យាករណ៍ថា អត្រាឆ្លងថ្មីនឹងមានការកើនឡើងបន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយអំពាវនាវឲ្យក្រុងហ៊ុនផ្គត់ផ្គង់សេវាកម្មសុខាភិបាលទាំងអស់ត្រូវធ្វើយ៉ាងណាបំពេញតម្រូវការឲ្យបានសមស្រប។
សូមបញ្ជាក់ថា ប្រទេសអង់គ្លេសបានបញ្ជាទិញបំពង់ខ្យល់ចំនួន ១០,០០០ គ្រឿងពីក្រុមហ៊ុនឌីសុន (Dyson) ហើយបានពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ផ្សេងទៀតជាង ៣,០០០ ក្រុមហ៊ុន ខណៈអង់គ្លេសមានក្នុងស្តុកត្រឹម ៥,០០០ ទៅ ៨,០០០ គ្រឿងប៉ុណ្ណោះ មិនអាចឆ្លើយតបនឹងសភាពការណ៍បាន ប្រសិនបើការរីករាលដាលនៃជំងឺ COVID-19 ហក់ឡើងខ្ពស់៕
ប្រភព៖ សារព័ត៌មាន Channel News Asia