លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុម្មុខ ខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុម្មុខ នៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើពិធីបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះពរព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា អង្គទូតនានាដែលកំពុងបំពេញភារកិច្ចនៅកម្ពុជា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ជាពិសេសសូមឱ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណេះសំណាលជាមួយកងកម្លាំងប្រចាំការនៅតំបន់នោះ ក៏ដូចជាឆ្មាំប្រាសាទ និងប្រជាពលរដ្ឋឱ្យចេះថែរក្សាសុខភាពស្របពេលដែលពិភពលោកកំពុងតែរីករាលដាលជំងឺ COVID-19 និងរួមគ្នាថែរក្សាប្រាសាទដែលជាមរតករបស់ដូនតាយើងឱ្យបានគង់វង្ស ។

សូមរម្លឹកថា គម្រោងការជួសជុលប្រាសាទចតុម្មុខនេះ បានបើកការដ្ឋានកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយមានការឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមានការជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនពីសប្បុរសជនផងដែរ ៕

ដោយ ទិត ស្រ៊