ក្រសួងទេសចរណ៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញគ្រប់គ្រងវត្តមានភ្ញៀវទេសចរតាម សណ្ឋាគារ និងផ្ទះសំណាក់

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​ –​ ក្រសួងទេសចរណ៍ បានជម្រាបជូន និងអំពាវនាវដល់ម្ចាស់សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ដោយអនុវត្តន៍តាមនូវសេចក្តីជូនដំណឹងលេខ ១៤៧ សជណ.អគឧ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្តីពីការតម្រូវឱ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ “ ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍ ” ដែលមានគេហទំព័រផ្លូវការ ។

តាមការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍តាមអនឡាញនេះផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍អាចសហការផ្តល់ព័ត៌មាន ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យ ឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកស្នាក់នៅក្នុងសេវាកម្មស្នាក់នៅទេ សចរណ៍ ក្នុងករណីដែលចាំបាច់ និងមានតម្រូវការក្នុងការចូលរួមដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលមានការកើតឡើងចេញពីភ្ញៀវទេសចរក្នុងករណីជាយថាហេតុណាមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយការប្រើប្រាស់ប្រព័ន្ធនេះទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ក្នុងការ  ហ្សែត (Z) បញ្ចូលព័ត៌មានភ្ញៀវរបស់ខ្លួនក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។

ក្នុងដំណាក់កាលនៃវិបត្តិ Covid-19នេះ ក្រសួងទេសចរណ៍សូមស្នើដល់គ្រប់មូលដ្ឋានអាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ចូលរួមប្រើប្រាស់ជាកាតព្វកិច្ច “ ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍ ” ឱ្យបានគ្រប់គ្នា និងធ្វើការចុះវត្តមានរបស់ភ្ញៀវទេសចរ ឱ្យបានគ្រប់គ្នាៗ និងទៀតទាត់៕

ដោយ ទូច វលក្ខណ៍