សម្តេចក្រឡាហោម ស ខេង សំណេះសំណាលជាមួយមន្ត្រី បណ្ដាច្រកទ្វារព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន

AKP បាត់ដំបង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — នៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និង ស្ថាប័ននានាដែលកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រខេត្តបាត់ដំបង និង ខេត្តប៉ៃលិន។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីអភិបាលខេត្តទាំងពីរ ដែលពិធីជួបសំណេះសំណាលនេះបានប្រារព្ធឡើងនៅសាលាស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា វត្តមានរបស់សម្ដេច និងថា្នក់ដឹកនាំផ្សេងទៀតក្នុងពិធីជួបសំណេះសំណាលនេះ គឺជាការចូលរួមចំណែកផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាពនៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលពេលនេះបានក្លាយជាវិបត្តិធ្ងន់ធ្ងរនៅលើពិភពកលោក ។

សម្ដេចបានបន្តថា ក្រៅតែបាន និងកំពុងរីករាលដាលនៅតាមបណ្ដាប្រទេសស្ទើរទាំងអស់លើពិភពលោក ពិសេសនៅតំបន់អឺរ៉ុប អាម៉េរិក និងមជ្ឈិមបូព៌ា បន្ទាប់ពីប្រទេសចិនមានសភាពធូរស្រាលនោះ នៅពេលនេះតំបន់អាស៊ានទាំង១០ប្រទេស សុទ្ធតែមានអ្នកឆ្លងជំងឺ កូ   វីដ-១៩ ទាំងអស់ ។

សម្ដេចបានបញ្ជាក់អំពីការសម្រេចចិត្តដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រាជរដ្ឋាភិបាលថៃ ដើម្បីអនុវត្តន៍វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីបានបិទការដ្ឋានការងារមួយចំនួន ធ្វើឱ្យពលរដ្ឋថៃនៅទំនេរ ហើយពលរដ្ឋខ្មែរខ្លះនៅទីនោះក៏ទំនេរពីការងារ ។ ព្រោះតែដូច្នេះហើយ សម្ដេចបានផ្ដល់ការពន្យល់ថា ពលរដ្ឋខ្មែរទំនេរពីការងារ និងមានការភ័យខ្លាចផងនោះ បានចាប់ផ្ដើមសម្រុកនាំគ្នាវិលត្រឡប់មកប្រទេសកម្ពុជាវិញនាប៉ុន្មានថ្ងៃមុន ដែលធ្វើឱ្យអាជ្ញាធរច្រកទ្វារព្រំដែនជួបការលំបាកក្នុងការពិនិត្យសុខភាពពួកគាត់ពេលឆ្លងព្រំដែន ។ ដោយសារពួកគាត់បានធ្វើដំណើរដល់ស្រុកកំណើតហើយនោះ សម្ដេចបានសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីណែនាំអាជ្ញាធរខេត្តក្រុង-ស្រុក-ខណ្ឌ និងភូមិ-ឃុំ ត្រូវគ្រប់គ្រងវត្តមានពួកគាត់ឱ្យបាន និងស្នើឱ្យពួកគាត់នៅដោយឡែករយៈពេល១៤ថ្ងៃសិន ។

ពាក់ព័ន្ធនឹងការដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រាជរដ្ឋាភិបាលថៃ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ប្រសិនបើមានពលរដ្ឋខ្មែរយើងបន្តធ្វើដំណើរចូលមកប្រទេសវិញនោះ គឺរាជរដ្ឋាភិបាលយើងមិនអាចទប់ស្កាត់ពលរដ្ឋយើងមិនឱ្យវិលមកវិញបានទេ។ សម្ដេចបានណែនាំឱ្យត្រៀមទទួលស្វាគមន៍ពួកគាត់ដោយប្រកាន់អកប្បកិរិយាថ្លៃថ្នូរសុភាពរាបសា និងទន់ភ្លន់ ប៉ុន្តែត្រូវមានវិធានការម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារនៅឯស្រុកកំណើត ។ ជាមួយគ្នានេះក៏ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្តខាងភាគីថៃផងដែរ ។

សម្ដេចក្រឡាហោម ស​ ខេង បានណែនាំឱ្យអាជ្ញាធរប្រចាំច្រកទ្វារព្រំដែន ត្រូវកត់ត្រា ឱ្យបានច្បាស់នូវអត្តសញ្ញាណពលរដ្ឋដែលបានវិលចូលមកប្រទេស ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ ។ ជាមួយគ្នានេះត្រូវខិតខំពិភាក្សាជាមួយភាគីថៃដើម្បីចៀសវាងការអនុញ្ញាតឱ្យឆ្លងកាត់តាមច្រករបៀង ដែលនាំឱ្យជួបការលំបាកក្នុងការពិនិត្យសុខភាព និងកំណត់អត្តសញ្ញាណពួកគាត់ ពោលគឺត្រូវកំណត់ច្រកទ្វារច្បាស់លាស់សម្រាប់ការវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរយើង។

សម្ដេចក៏បានណែនាំឱ្យត្រៀមផ្ដល់ម៉ាស់ជូនពលរដ្ឋទាំងឡាយណា ដែលឆ្លងមកពីប្រទេសថៃដោយមិនមានម៉ាស់ប្រើប្រាស់ ហើយត្រូវស្នើសុំពួកគាត់សហការពិនិត្យកំដៅ និងអញ្ជើញពួកគាត់ទៅកន្លែងដែលត្រូវកត់ត្រាអត្តសញ្ញាណសិន។ ក្នុងករណីដែលមានអ្នកជំងឺត្រូវសង្គ្រោះបន្ទាន់ ហើយអ្នកជំងឺនោះមិនមែនជាអ្នកជំងឺកូវីដ-១៩ សម្ដេចក៏បានណែនាំអភិ  បាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវស្នើសុំកិច្ចសហការអនុញ្ញាតឱ្យអ្នកជំងឺនោះចូលទៅព្យាបាលនៅប្រទេសថៃ។ សម្ដេចមានជំនឿថា ភាគីទាំងពីរកម្ពុជា-ថៃនឹងមានការពិចារណាដល់ទំនាក់ទំនងទ្វេភាគី ដើម្បីការពារផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្ដែងដូចការបិទការចេញ-ចូលមនុស្សរវាងកម្ពុជា-ថៃ កម្ពុជា-វៀតណាម ដែលភាគីទាំងសងខាងនៅតែបន្តអនុញ្ញាតឱ្យចេញ-ចូលទំនិញក្រោមលក្ខខណ្ឌរឹតបន្តឹងសុវត្ថិភាពនៅពេលដឹកឆ្លងកាត់ព្រំដែន ។

នៅក្នុងឱកាសនោះសម្ដេចក្រឡាហោម បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងចំណុះរដ្ឋបាលខេត្ត និងជាពិសេសមន្ត្រី និងកងកម្លាំងនៃអង្គភាព និងស្ថាប័ននានាដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន។ សម្ដេចបានចាត់ទុកការខិតខំប្រឹងប្រែងបំពេញភារកិច្ចនេះហើយ ដែលធ្វើឱ្យកម្ពុជារក្សាបានសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ ទន្ទឹមនឹងនេះយើងក៏បាននិងកំពុងរួមសាមគ្គីគ្នាប្រយុទ្ធនឹងសង្គ្រាមជំងឺកូវីដ-១៩ ដើម្បីធានាការពារសេចក្ដីសុខជូនប្រជាពលរដ្ឋ ដែលនេះហើយគឺជាឧត្តមគតិស្រឡាញ់ជាតិ និងប្រជាជន ។

ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋអំពីវិធានការការពារខ្លួន និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សម្ដេចក្រឡាហោម ក៏បានថ្លែងកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានរៀបចំការចុះចាក់ផ្សាយសារអប់រំចល័តគ្រប់ភូមិ ឃុំដល់ប្រជាពលរដ្ឋ ។ សម្ដេចបានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្ត ដែលបាននិងកំពុងបំពេញការងារនៅតាមបណ្ដាអង្គភាពច្រកព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិនទាំងអស់ នឹងបន្តខិតខំអនុវត្តន៍តួនាទី និងការទទួលខុសត្រូវបានល្អ និងមានការប្រុងប្រយ័ត្ន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ៕

ដោយ ណយ នឿន (ប្រភព: រដ្ឋបាលខេត្តបាត់ដំបង)