កម្ពុជាកំពុងពិនិត្យមើលលទ្ធភាពលើកពេលក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ប្រសិនបើសភាពការណ៍នៃជំងឺកូវីដ-១៩អូសបន្លាយ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​គូសបញ្ជាក់ថា កម្ពុជាកំពុងតែពិនិត្យមើលលទ្ធភាពលើកពេល ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចជុំ​កំពូលអាស៊ី-អឺរ៉ុប ឬហៅកាត់ថា ASEM លើកទី១៣ ដែលនឹងត្រូវរៀបចំឡើង នៅពាក់​កណ្តាល​ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ប្រសិនបើសភាពការណ៍នៃជំងឺកូវីដ-១៩ បន្ដអូសបន្លាយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រមាណ៤២២​នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយ​ជំងឺ​កូវីដ-១៩ នាព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា “ផ្អាក​ការ​​បញ្ជូនមន្ត្រីទៅប្រជុំនៅប្រទេសក្រៅ និងលុបចោលការប្រជុំអន្តរជាតិទាំងអស់​នៅក្នុង​ប្រទេសកម្ពុជា។ ខ្ញុំបញ្ជាដាច់ណាត់មិនឱ្យមន្ត្រីកម្ពុជាទៅប្រជុំនៅប្រទេសក្រៅក្នុងពេលហ្នឹង ហើយក៏ផ្អាកការប្រជុំអន្តរជាតិទាំងអស់”។  សម្ដេចតេជោបន្តថា ទោះបីការរៀបចំព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាអូឡាំពិក ដែលគ្រោងធ្វើនៅខែសីហានៅប្រទេសជប៉ុន គេលុបចោលបាន ហើយបើទោះបីជាប្រទេសជប៉ុនគាត់បើកធ្វើក៏ដោយ ក៏ប្រទេសដទៃទៀតគេមិន​បញ្ជូនកីឡា​ករ កីឡាការិនីគេទៅ គឺនៅតែអត់ធ្វើអូឡាំពិកបានដដែលហ្នឹង។ ជាងនេះទៀត​កិច្ចប្រជុំ​អាស៊ាន​ក៏ត្រូវបានលើកពេលសម្រាប់កិច្ចប្រជុំហើយដែរ។ សម្ដេចតេជោបានលើកឡើងថា សម្រាប់កម្ពុជា យើងក៏កំពុងតែពិនិត្យមើលដែរ បើសភាពការណ៍នៃជំងឺកូវីដ-១៩ អូសបន្លាយ ប្រហែលជាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក៏មិនត្រូវធ្វើក្នុងឆ្នាំ២០២០នេះដែរ អាចលើកទៅឆ្នាំ​២០២១ ឬបន្តទៅ វាស៊ីសងទៅតាមការវិវត្តនៃសភាពការណ៍។

គួរបញ្ជាក់ដែរថា  តាមការគ្រោងទុក កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬហៅកាត់ថា ASEM លើកទី១៣ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ នឹងត្រូវរៀបចំឡើង នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ ការចូលរួមជាដៃគូក្នុងកិច្ចប្រជុំ ASEM ពិតជាមានសារៈសំខាន់ណាស់​សម្រាប់ ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ឡើយ។ បច្ចុប្បន្ននេះ ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាន២១ប្រទេសមកពីអាស៊ី និង៣០ប្រទេសមក​ពីអឺរ៉ុប​ព្រមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងគណៈកម្មការអឺរ៉ុប ជារួម ប្រទេសដៃគូ ASEM តំណាងឱ្យ ៦៥ភាគរយ នៃសេដ្ឋកិច្ចពិភពលោក និង ៦០ភាគរយ នៃប្រជាជនពិភពលោក ៥៥ភាគរយ នៃពាណិជ្ជកម្មពិភពលោក និង ៧៥ភាគរយ នៃទេសចរណ៍ពិភពលោក។ ជាមួយគ្នានេះ ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិក ASEM នៅឆ្នាំ២០០៤ មកកម្ពុជា​តែងផ្ដល់ដល់វេទិកានេះជាវេទិកាដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ី-អឺរ៉ុប ដែល​នាំមកនូវផលប្រយោជន៍ទៅវិញទៅមកជាច្រើន។ ASEM ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូង​កាលពីឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលពីប្រទេសចំនួន ១៥នៃ​សហភាពអឺរ៉ុបនិងប្រទេសចំនួន៧ នៃសមាជិកអាស៊ាន បូកថែមប្រទេសចិន ជប៉ុន កូរ៉េខាង​ត្បូង និងស្នងការអឺរ៉ុបប៉ុណ្ណោះ។ កិច្ចប្រជុំកុំពូល ASEM ដែលធ្វើឡើងជាទៀង​ទាត់​រៀងរាល់ ២ឆ្នាំម្តង បានក្លាយជាវេទិកាមួយយ៉ាងសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងការថែ​រក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព៕

ដោយ ជឹម ណារី