គម្រោងបង្កើតរោងចក្រម៉ាស់តម្លៃជាង៣លានដុល្លារ  ត្រូវបាន CDC អនុ​ម័តឱ្យវិនិយោគ​ជាផ្លូវការ

​AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ — គម្រោងបង្កើតរោងចក្រម៉ាស់គ្រប់ប្រភេទរបស់ក្រុមហ៊ុនឯកជនមួយ ត្រូវបានក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ស្របពេល ដែលកំណើននៃការប្រើប្រាស់ម៉ាស់ក្នុងប្រទេសកម្ពុជា កំពុងមានតម្រូវការខ្ពស់។

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូប និងម៉ាស់គ្រប់ប្រភេទ របស់ក្រុមហ៊ុន “HK BURLTEX MANUFACTORY CO., LTD.” គណៈកម្មាធិការវិនិយោគ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មវឌ្ឍនៈ២ អគារលេខ៩ ផ្លូវជាតិលេខ៣ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩១៥កន្លែង។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗក្នុង ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ទើបតែបានសម្រេចអនុម័តទៅលើគម្រោងស្នើ សុំវិនិយោគ បង្កើតរោងចក្រចំនួន៧ ក្នុងទំហំទឹកប្រាក់វិនិយោគជាង២៤លានដុល្លារ ស្ថិតនៅក្នុងខេត្ត ក្រុងផ្សេងគ្នា ដែលផ្ដល់ឱកាសការងារបានចំនួន ៦៧៥២កន្លែង៕

ដោយ ម៉ៅ ចរិយា