សាខាកាកបាទក្រហមខេត្តកំពត បានទទួលអំណោយពីសប្បុរសជន

AKP កំពត ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពត  បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន រួមមាន ថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគរួមមាន៖ មី២៦កេស ត្រីខ១០០កំប៉ុង ទឹកអាកុលលាងដៃចំនួន ៥០០ដបតូច និងថវិកាចំនួន១២លានរៀល និង១,៨០០ដុល្លារ។ ក្នុងពិធីនោះ ក៏មានការចូលរួមពីលោកស្រី លាង ហៃ អនុប្រធានអចិន្ត្រៃយ៍ សាខា កាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា និងសមាជិកកិត្តិយសសាខាផងដែរ។

ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្ត បានថ្លែងអំណរគុណ កោតសរសើរ ដល់សប្បុរសជន និងបានចាត់ទុកអំណោយ ដែលបាននាំមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាពេលនេះ គឺពិតជា កាយវិកា និងទឹកចិត្តសប្បុរសធម៌មួយរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទ ក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំក៏ ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋជួបប្រទះការខ្វះខាត ឬជួបប្រទះនូវឧប្បត្តិវហេតុផ្សេងៗ និងបញ្ហាប្រឈមនានា ក្នុងការឆ្លើយតប បានទាន់ពេលវេលាផងដែរ។

អំណោយរបស់សប្បុរសជនដែលបានផ្ដល់ជូនសាខាកាកបាទក្រហមនាពេលនេះ ក៏ជា ការរួមចំណែក ដើម្បីឆ្លើយតបក្នុងការជួយដល់សុខភាព និងបញ្ហាប្រឈមខ្វះខាត សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពសាធារណៈ ឱ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជាយើង បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពាវនាវណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ រួមនឹងប្រជាពលរដ្ឋយើង រួមគ្នាប្រយុទ្ធនឹងជំងឺឆ្លងកូវីដ ១៩ ដែលជាជំងឺរាតត្បាត សកលក្នុងពិភពលោក។

ឯកឧត្តម ជាវ តាយ ក៏បានសន្យា និងធ្វើការចាត់ចែងអំណោយទាំងនេះ ឱ្យបានស្របទៅនឹងទឹកចិត្តសប្បុរសធម៌ម្ចាស់អំណោយ ពិសេសឱ្យបានចំគោលដៅ នៃគោលការណ៍ ក្នុងវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នឈានមុខ ក្នុងការជួយសង្គ្រោះ និងជួយសម្រាលការលំបាកនូវបញ្ហាប្រឈមនានា សម្រាប់ជនងាយរងគ្រោះដែលបានជួបប្រទះនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះសម្រាប់ខេត្តកំពត ពុំទាន់មានការរាតត្បាតទៅលើប្រជាពលរដ្ឋក្នុងខេត្តនៅឡើយទេ ហើយរហូតដល់ពេលនេះ ទើបតែមានឆ្លងចំនួន២នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅខេត្តផ្សេង ដែលអនុវត្តន៍ទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ហើយដោយឡែក មានការឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ផ្សេងទៀតដែរនោះ ក្នុងខេត្ត ដែលនាំចូលពីក្រៅ ប្រទេសលើជនជាតិម៉ាឡេស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕

ដោយ ប្រាក់ លាង