សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមគ្រូពេទ្យទាំងអស់ខិតខំប្រយុទ្ធនឹងសង្គ្រាម លើសមរភូមិសុខភាពជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ — ក្នុងខណៈដែលជំងឺកូវីដ-១៩ កំពុងកើតមានជាបន្តបន្ទាប់នៅលើទឹកដីនៃព្រះរាជាណាចក្រ កម្ពុជានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ស្នើឱ្យក្រុមគ្រូពេទ្យទាំងអស់ ខិតខំយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនិងសង្គ្រាម លើសមរភូមិ​សុខភាព ជាមួយសត្រូវឥតស្រមោល(កូវីដ-១៩) ដើម្បីបម្រើដល់សុខុមាលភាពរស់នៅ​របស់ ប្រជាពលរដ្ឋកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រមាណ ៤២២​នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយ ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរ​ចំពោះក្រុមនិស្សិត និងគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធ ជាមួយ សត្រូវឥតស្រមោល គឺកូវីដ-១៩ ដែលពេលនេះយើងមិនដឹងថាសត្រូវនៅទីណាឱ្យ​ពិត​ប្រាកដ។ សម្ដេចតេជោបានលើកឡើងថា  សមរភូមិលើបញ្ហាសុខភាពសាធារណៈនេះ វាខុស​គ្នាឆ្ងាយជាមួយនិងសមរភូមិយោធា ព្រោះសមរភូមិយោធាគេអាចដឹងបានថា សត្រូវនៅទីណា កាំភ្លើងធំនៅឯណា មីនបង្កប់នៅកន្លែងណា គេអាចដឹងបាន។ ក៏ប៉ុន្តែកូវីដ-១៩ ឬក៏ហៅថា​ជំងឺ​ឆ្លងនេះ គ្មានរូបភាពពិតប្រាកដទេ យើងមើលមិនឃើញទេ មិនដឹងថាវានៅទីណាពិតប្រាកដ។ សម្ដេចតេជោបានថ្លែងថា ដូច្នេះអ្វីដែលជាការលះបង់របស់ក្មួយៗនៅពេលនេះ គឺវាមានតម្លៃ​ធំធេងមហាសាល ដែលមិនអាចកាត់ថ្លៃបានទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងដំណាក់កាលនេះ យើងមានកិច្ចការសំខាន់៣ ដែលត្រូវធ្វើ ដែលក្នុងនោះរួមមាន  កិច្ចការ ទី១) គឺត្រូវទប់ស្កាត់ការរីករាលដាល អ្នកមកពីក្រៅប្រទេស។ ដោយសម្តេចតេជោ បានបញ្ជាក់​ថា ជនជាតិបរទេសទាំងអស់ ដែលកើតជំងឺនេះ នៅកម្ពុជាត្រូវបានទទួលការព្យាបាល ដោយ​មិនគិតថ្លៃនោះទេ។ ជាមួយគ្នានេះ កម្ពុជាមិនត្រូវការជម្លៀសនិស្សិត ដែលកំពុងសិក្សានៅ​ក្រៅប្រទេសឡើយ។ សម្ដេចតេជោបានបន្ដថា យើងត្រូវមានការគ្រប់គ្រង់ពលករ ដែលមកពី​ប្រទេសថៃ ត្រូវដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន។ ទន្ទឹមនេះដែរ អាជ្ញាធរ កម្ពុជា ត្រូវសហការជាមួយអាជ្ញាធរថៃ ក្នុងការធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព នៃពលករខ្មែរ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ដែរថា កម្ពុជាក៏មិនឱ្យមានមន្ត្រីរបស់ខ្លួន​ទៅចូលរួម​ប្រជុំនៅក្រៅប្រទេស និងលុបចោលកិច្ចប្រជុំអន្តរជាតិនានានៅក្នុងប្រទេស។ ចំពោះកិច្ចការទី២ គឺការពារអ្នកឆ្លង កុំឱ្យទៅចម្លងអ្នកដទៃ និងបន្តរកអ្នកពាក់ព័ន្ធជា​មួយ​អ្នកជំងឺ ត្រូវយកគាត់មកដាក់ដោយឡែក មុនពេលដឹងលទ្ធផលនៃការធ្វើតេស្ត។ ចំណុចនេះ ត្រូវខិតខំ​ផ្សព្វ​ផ្សាយ​គ្រប់មធ្យោបាយ ពីវិធីបង្ការការពារជំងឺកូវីដ-១៩។ សម្តេចតេជោបន្ដ​ទៀត​ថា រហូតមកដល់ពេលនេះ កន្លែងដែលអាចប្រឈមយើងបានបិទមួយចំនួនហើយ តែយើង​មិន​អាច​បិទបានទេនៅកន្លែងសំខាន់ៗមួយចំនួនដូចជា ផ្សារ រោងចក្រ ភោជនីយដ្ឋាន ហាងកាហ្វេ។ល។ ចំពោះពិធីបុណ្យចូលឆ្នាំនៅប្រារព្ធធ្វើដដែល តែហាមជួបជុំគ្នាច្រើន ហើយ​សូមឱ្យបងប្អូនប្រជាពលរដ្ឋសប្បាយជាមួយក្រុមគ្រួសារនៅតាមផ្ទះ។

សម្តេចតេជោក៏បានស្នើឱ្យប្រជាពលរដ្ឋ កុំប្រើអបិយជំនឿបណ្តេញជំងឺកូវីដ ដូចជាការ​អុជ​ភ្លើងជាដើម ពីព្រោះវាអាចបង្កនូវហានិភ័យខ្ពស់។ សម្តេចតេជោបាន​អំពាវនាវសូមឱ្យ​អាជ្ញាធរ​​ចុះចែកម៉ាស់ ឬក្រមា និងស្បៀងអាហារ ឱ្យប្រជាពលរដ្ឋតាមបណ្តាខេត្ត​ដែលជួប​ប្រទះ​ការ​លំបាក បើអាចធ្វើបាន។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវមិនឱ្យមានការ​រើសអើង អ្នកជំងឺកូវីដ-១៩ ជាពិសេសក្រោយពេលដែលគាត់បានជាសះស្បើយ។ ចំណែកកិច្ច​ការ​ទី៣ ត្រូវខិតខំព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ និងរៀបចំបញ្ជើឈ្មោះអ្នកជំងឺឱ្យ​បានត្រឹម​ត្រូវ ទាំងអ្នកជំងឺជាជនជាតិបរទេស និងខ្មែរ។ ការបែងចែកទីតាំងសម្រាប់ព្យាបាលអ្នក​ដែលបាន​ឆ្លងជំងឺ និងទីតាំងសម្រាប់អ្នកដែលសង្ស័យ ដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែក ដោយមាន​រៀបចំជាគ្រែ កន្ទេល មុង ភួយ ខ្នើយ ត្រឹមត្រូវ និងរៀបចំអាហារ៣ពេលឱ្យគាត់។ ចំពោះ​គ្រូពេទ្យដែលចេញប្រតិបត្តិការទាំងអស់ ត្រូវបំពាក់សម្ភារឱ្យបានគ្រប់គ្រាន់ មុននឹង​ចេញ​ប្រយុទ្ធ ហ្វឹកហាត់ឱ្យបានច្បាស់លាស់ មិនត្រូវធ្វេសប្រហែសនោះទេ ត្រូវគិតពីសុខភាព​ខ្លួន​ឯង។ លើសពីនេះទៀត ត្រូវមានកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ ដូចជាអង្គការ​សុខភាពពិភពលោក ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន និងក្រុមប្រទេសផ្តល់ជំនួយ​សម្រាប់កិច្ចការនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពានាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមក្នុងប្រតិ​បត្តិការ ប្រឆាំងកូវីដ-១៩នេះទាំងអស់គ្នា និងប្រែក្លាយវិបត្តិនៃជំងឺនេះ ឱ្យក្លាយទៅជាកាលា​នុវត្តភាព នៃការយកចិត្តទុកដាក់ថែទាំសុខភាព របស់ប្រជាពលរដ្ឋម្នាក់ៗ។

គួរបញ្ជាក់ដែរថា គិតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នក ជំងឺកូវីដ-១៩ សរុបចំនួន៩៣នាក់៕

ដោយ ជឹម ណារី