ចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ ក្នុងប្រទេសអ៊ីតាលី បានហក់ឡើងវិញ តែក្រុមគ្រូពេទ្យនៅមានសង្ឃឹម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (២៥.០៣.២០)

អ៊ីតាលី៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសបានឲ្យដឹងថា មកដល់ថ្ងៃអង្គារកន្លងមកនេះ ចំនួនអ្នកស្លាប់ ដោយសារជំងឺរលាកផ្លូវដង្ហើម ឬកូវីដ ១៩ ក្នុងប្រទេសអ៊ីតាលី បានហក់ឡើងវិញតែក្រុមគ្រូពេទ្យបាននិយាយថា មានសញ្ញាលេចឡើងបង្ហាញថា ការឆ្លងកូវីដ ១៩ នេះ អាចនឹងធ្លាក់ចុះដោយសារវិធានការបិតការធ្វើដំណើរ នៅទូទំាងប្រទេស ។

ក្រុមមន្រ្តីសុខាភិបាល បានពិនិត្យមើលពីលទ្ធផលនៃការបិតទូទំាងប្រទេសក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ហើយឃើញថា ជាលទ្ធផលបានធ្វើឲ្យមានការធ្លាក់ចុះនូវចំនួនអ្នកឆ្លងកូវីដ ១៩។

មកទល់ថ្ងៃអង្គារនេះ​​ ចំនួនអ្នកស្លាប់ថ្មី មាន ៧៤៣ ប្រៀបនឹងចំនួនអ្នកស្លាប់នៅថ្ងៃចន្ទ មាន ៦០១
ដែលជាចំនួនចុះទាបប្រៀបនឹងប៉ុន្មានថ្ងៃមុន ។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រទេសអ៊ីតាលី
ជាប់ចំណាត់ថ្នាក់លើសកលលោក​ថាជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត គឺមានចំនួន
៧៩៣ នាក់ ។​