សម្ដេចតេជោ ហ៊ុន សែន៖ បុណ្យចូលឆ្នាំខ្មែរនៅតែធ្វើជាធម្មតា ប៉ុន្តែគ្មានការរៀបចំសង្រ្កាន្ដនោះទេ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អះអាងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅតែធ្វើជាធម្មតា ប៉ុន្តែគ្មានការរៀបចំ​សង្រ្កាន្ដ  និងការប្រជុំតន្ត្រីនោះទេ គឺសប្បាយតាមគ្រួសាររៀងៗខ្លួន។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចតេជោ ប្រឆាំងនឹងជំងឺ កូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រគុំតន្ត្រីនៅតែឱ្យធ្វើ ប៉ុន្តែមិនចាំបាច់មានការជួបជុំ មើលផ្ទាល់នោះ​ទេ ហើយផ្សាយផ្ទាល់ដើម្បីឱ្យប្រជាជនមើលតាមផ្ទះ។ សម្តេចតេជោបានបញ្ជាក់ថា “យើងធ្វើ​ធម្មតា ពិធីបុណ្យចូលឆ្នាំខ្មែរ ដោយការសប្បាយនៅតាមផ្ទះរៀងៗខ្លួន”។

ក្នុងឱកាសនោះដែរ​សម្តេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ធ្វើការទប់​ស្កាត់ជំងឺនេះទាំងអស់គ្នាដោយកុំចេញក្រៅផ្ទះ បើមិនមានចាំបាច់  ធ្វើអនាម័យជាប្រចាំ ពាក់​ម៉ាស់ ឬក្រមា ដើម្បីការពារការឆ្លងពីយើង ទៅគេ ឬពីគេមកយើង។ សម្តេចតេជោក៏បាន​ណែនាំ​ដល់សមាជិករាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា ដែលចុះជួយនៅមូលដ្ឋាន​គប្បីទិញក្រមាស ឬម៉ាស់ចែកជូនប្រជាពលរដ្ឋផងដែរ៕

ដោយ  ប៊ុនរិទ្ធ