កូរ៉េខាងត្បូងរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន១០០នាក់បន្ថែមទៀតខណៈមានការរ៉ឹត បន្តឹងខ្លាំងចំពោះអ្នកធ្វើដំណើរពីអាមេរិក

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសកូរ៉េខាងត្បួងបានរាយការណ៍ថា អាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ១០០ ករណីបន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ៩,១៣៧ នាក់ ខណៈអ្នកស្លាប់កើនឡើងដល់ ១២៦នាក់។នេះបើតាមការចេញផ្សាររបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ២៥ ខែមីនា ឆ្នាំ ២០២០។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលកូរ៉េ សម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ (KCDC) បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន៣៤នាក់ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស ហើយរដ្ឋាភិបាលនឹងរ៉ឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែនសម្រាប់អ្នកធ្វើដំណើរពីសហរដ្ឋអាមេរិកចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ដោយសារករណីឆ្លងថ្មីនៃវីរុស COVID-19 មានការកើនឡើង បើទោះបីជាការឆ្លងជំងឺនេះក្នុងប្រទេសមានការធ្លាក់ចុះក៏ដោយ។កន្លងមក កូរ៉េខាងត្បូងបានដាក់ការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរ៉ឹងលើភ្ញៀវទេសចរមកពីអឺរ៉ុប ចិន អ៊ីតាលី និងអ៊ីរ៉ង់ ដោយតម្រូវឲ្យ ពួកគេចុះឈ្មោះកម្មវិធីស្មាតហ្វូនដើម្បីតាមដានថាតើពួកគេមានរោគសញ្ញាដូចជាគ្រុនក្តៅដែរឬទេ?
សូមបញ្ជាក់ថា កូរ៉េខាងត្បូងកំពុងបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងរាលដាលជំងឺ COVID-19 ដែលឆ្លងមកពីក្រៅប្រទេសវិញម្តង ខណៈមានអ្នកឆ្លងជំងឺនេះជាង ៩,០០០ នាក់ ស្លាប់ ១២៦នាក់ និងអ្នកជាសះស្បើយ ៣,៧៣០នាក់នៅក្នុងប្រទេស៕
ប្រភព៖សារព័ត៌មាន Channel News Asia