អភិបាលមណ្ឌលគិរី និង​ ប្រតិភូខេត្តប៊ិញភឿក វៀតណាម បើកកិច្ចប្រជុំពិភាក្សាកិច្ចសហប្រតិបត្តិ បង្ការ ទប់ស្កាជំងឺកូវីដ ១៩ និងកិច្ចសហការទំនិញឆ្លងកាត់ព្រំដែន

AKP មណ្ឌលគិរី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ — នាព្រឹកនៅថ្ងៃអង្គា ១កើត ខែចេត្រ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរ ស្រុក អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកិច្ចសហប្រតិបត្តិ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងកិច្ចសហការសម្របសម្រួលទំនិញឆ្លងកាត់ព្រំដែន ជាមួយគណៈប្រតិភូវៀតណាម ដឹកនាំដោយលោកស្រី ត្រឹង ទ្វេហៀន ប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក និងគណៈប្រតិភូពាក់ព័ន្ធមួយចំនួន ដែលប្រព្រឹត្តទៅនៅច្រកទ្វារភាគីព្រំដែនហ្វាងយៀវ ស្រុកប៊ូដូប ខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តម អភិបាលខេត្តបានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចេះធ្វើអនាម័យឱ្យបានជាប្រចាំ ។ សូមកុំមានការរើសអើងទៅលើអ្នកដែលមានការសង្ស័យ និងបានឆ្លងជំងឺកូវីដ ១៩នេះ។ ជាពិសេសនៅពេលដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការសង្ស័យថាខ្លួនបានឆ្លងជំងឺនេះ សូមចូលខ្លួនទៅឱ្យគ្រូពេទ្យនៅតាមមូលដ្ឋានពិនិត្យឱ្យបានឆាប់រហ័ស ដើម្បីមានវិធានការព្យាបាលបានទាន់ពេលវេលា ចៀសវាងកុំឱ្យមានការរីករាលដាលទៅដល់ប្រជាពលរដ្ឋផ្សេងទៀតដែលនៅជិតខ្លួន​។

បន្ទាប់បញ្ចប់កិច្ចប្រជុំរួចមក ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ក៏បានចុះសួរសុខទុក្ខសិស្សចំនួន ០៣នាក់ ជនជាតិខ្មែរ ឥស្លាម ដែលទើបមកពីប្រទេសថៃ ដោយឱ្យពួកគាត់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

ដោយ ណយ នឿន(ប្រភពៈមន្ទីរព័ត៌មានខេត្តមន្ធលគិរី)