ឯកឧត្ដម ពេជ្រ ប៊ុនធិន អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការ ​ប្រយុទ្ធ​ប្រឆាំង និងទប់ស្កាត់ជំងឺ Covid-19 នៅខេត្តក្រចេះ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការប្រយុទ្ធ ប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩  កាលពីព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ 

កិច្ចប្រជុំនេះ ក៏បូកបញ្ចូលទាំងការត្រួតពិនិត្យគ្រប់គ្រង និងវិធានការចំពោះប្រជា ពលរដ្ឋដែលបានត្រឡប់មកពីប្រទេសថៃផងដែរ។ ឯកឧត្តម វ៉ា ថន អភិបាលនៃ គណៈ អភិបាលខេត្តក្រចេះបានរាយការណ៍អំពីស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ ខណៈ នេះនៅខេត្ត ក្រចេះគិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះពុំទាន់មានប្រជាពលរដ្ឋណាម្នាក់មានផ្ទុកវីរុស កូវីដ១៩ នៅឡើយទេ ក៏ប៉ុន្តែរដ្ឋបាលខេត្តនៅតែមានវិធានការ និងគម្រោងប្រយុទ្ធប្រឆាំងនិង ទប់ស្កាត់ជំងឺកូវីដ១៩ ដោយត្រៀម លក្ខណៈរួចជាស្រេចដូចជាការរៀបចំទីកន្លែង សម្រាប់ទទួលព្យាបាលជំងឺរួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តមាន១៨បន្ទប់ សណ្ឋាគារសន្តិភាព មាន៤០បន្ទប់ និងវិទ្យាល័យ ហ៊ុន សែន ក្រុងក្រចេះមាន៤៨បន្ទប់ រៀបចំក្រុមគ្រូពេទ្យ សម្ភារបរិក្ខារសម្រាប់ព្យាបាល កងកម្លាំងអន្តរាគមន៍ និងបើកយុទ្ធនាការផ្សព្វផ្សាយ ស្តីពីវិធីសាស្រ្តការពារ និងធ្វើអនាម័យ ពិសេសមានវិធានការគ្រប់គ្រងចំពោះប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីក្រៅប្រទេស និងត្រៀមហិរញ្ញវត្ថុសម្រាប់ដោះស្រាយចំពោះមុខ ព្រមទាំងមធ្យោបាយសង្គ្រោះផងដែរ។  

ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានលើកឡើងថា ដោយមានពលករកម្ពុជាជាច្រើន បានត្រលប់មកពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជា តាមច្រកដូង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ ហើយពលករទាំងអស់នោះមិនទទួលបានការពិនិត្យ យ៉ាងត្រឹមត្រូវ ពីមន្ត្រីចត្តាឡីស័កនៅតាមច្រកទ្វារព្រំដែននៅឡើយ ហើយបងប្អូនពលករទាំងអស់បាន ត្រឡប់មកស្រុកកំណើតរបស់ពួកគាត់រៀងៗខ្លួន។

ឯកឧត្ដមកិត្តិបណ្ឌិតបញ្ជាក់ថា ដើម្បីបង្ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ក្នុងករណីមាន ពលករណាម្នាក់មានផ្ទុកជំងឺកូវីដ១៩ មន្ត្រីជំនាញ និងលោកអភិបាលក្រុងស្រុក ពិសេសអាជ្ញា ធរ ភូមិ ឃុំ សង្កាត់ ត្រូវមានវិធាន ការកំណត់ចំនួនពលករដែលទើបចូល មកក្នុងប្រទេសឱ្យ បានជាក់លាក់តាមភូមិ ឃុំ សង្កាត់ ស្រុក ក្រុងនីមួយៗ ដាក់ពួកគាត់ឱ្យនៅដាច់ ដោយឡែក ចំនួន១៤ថ្ងៃ ដោយមិនត្រូវឱ្យពួកគាត់ នៅជិត ឬស្និទ្ធស្នាលជាមួយ ក្រុមគ្រួសារ ឬអ្នកជិតខាង ឡើយ បើមានការសង្ស័យ ត្រូវនាំគាត់ ទៅពិនិត្យនិងព្យាបាលជាបន្ទាន់។

ក្នុងឱកាសបើកកិច្ចប្រជុំនៅខេត្តក្រចេះនោះដែរ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានជំរុញឱ្យមន្ទីរសុខាភិបាល មន្ទីរអង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក ឃុំសង្កាត់ត្រូវ បន្តចុះអប់រំ និងផ្សព្វផ្សាយជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ស្រុក ក្រុងរបស់ខ្លួន នៅវិធីសាស្ត្រការធ្វើអនាម័យឱ្យបានញឹកញាប់កុំឱ្យមានការប្រមូលផ្ដំគ្នា ចេញ ក្រៅណែនាំឱ្យពាក់ម៉ាស់បានត្រឹមត្រូវ ចាត់តាំងរៀបចំគណៈកម្មការក្នុងការអនុវត្ត ឱ្យបានច្បាស់លាស់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕

ដោយ ជួន សុជាតិ