បទយកការណ៍៖ បណ្តាទីផ្សារ​ក្នុង​រាជធានីភ្នំពេញបើក​ដំណើរ​ការ​ធម្មតា ​តែវិធានការ​អនាម័យ និង​ការពារ ត្រូវបានពង្រឹង

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ —  ខណៈដែលពិភពលោកទាំងមូល​កំពុងតែប្រឈមនឹងការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលគេស្គាល់និងដឹងច្បាស់ថាបណ្តាលមកពីមេរោគកូរ៉ូណា ឬ កូវីដ១៩ ប្រទេសមួយចំនួនបានចាត់វិធានការក្តៅ រហូតបិទទ្វារប្រទេស និងសេវាសាធារណៈផ្សេងៗ ប៉ុន្តែកម្ពុជាដែលកម្រិត នៃការឆ្លងនៅមិនទាន់រីករាលដាលខ្លាំង ស្ថាប័ន និងទីកន្លែងសំខាន់របស់ប្រទេសរួមទាំងទីផ្សារនៅតែដំណើរការជាធម្មតា​។​

តាមការសង្កេតជាក់ស្តែងរហូតដល់ព្រឹកថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២០ បណ្តា​ផ្សារ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ នៅតែ​បើក​ដំណើរការ​ជា​ធម្មតា ប៉ុន្តែវិធានការអនាម័យ និងបង្ការត្រូវបានអាជ្ញាធរ និងគណៈគ្រប់គ្រងផ្សារនីមួយៗបានពង្រឹងយ៉ាងយកចិត្តទុកដាក់ ដោយរួមទាំងវិធានការ​ត្រួតពិនិត្យ​វាស់​កម្ដៅ ​ការ​ដាក់​ទឹក​អាល់កុលជូនអតិថិជននិងអាជីវករ​ធ្វើអនាម័យ និងការពង្រឹងការរៀបចំអនាម័យ​ និងបរិស្ថាននៅក្នុងផ្សារ និងជុំវិញទីផ្សារ។​

ដើម្បីពង្រឹង និងជំរុញការអនុវត្តវិធានការបង្ការការរីករាលដាល នៃមេរោគកូវីដ១៩ លោក ថេង​ សុថុល អភិបាលខណ្ឌចំការមន កាលពីពេលថ្មីៗនេះ បានចុះជួបសំណេះសំណាលជាមួយអាជីវករកំពុងលក់ដូរទំនិញគ្រប់ប្រភេទ ក្នុងផ្សារទួលទំពូង និងតាមទីផ្សារនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយនៅពេលចុះម្តងៗលោកតែងតែលើកឡើងពីបញ្ហាសុខភាពប្រជាជន និងអាជីវករ និង​ជំរុញទាំងអស់គ្នាឱ្យអនុវត្តវិធានការអនាម័យផ្ទាល់ខ្លួន ក៏ដូចជាសម្រាប់អតិថិជនទូទៅទាំងអស់ ដែលចេញចូលទិញទំនិញនៅក្នុងផ្សារ។

​ទាក់ទិននឹងការរៀបចំផ្សារ និងការដាក់វិធានការអនាម័យបង្ការមេរោគ លោក គួច ចំណាន ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ច្បារអំពៅ រាជធានី​ភ្នំពេញ ​បាន​ថ្លែង​អះអាង កាលពីថ្ងៃទី​២៣  ​ខែមីនា​ ថា ស្ថានភាព​ផ្សារ​ច្បារអំពៅ​ ​គឺ​មាន​ការ​បើក​ដំណើរការ​ជា​ធម្មតា ហើយ​មិនបាន​ប្រកាស​បិទ​ដូច​ការ​ផុស​ផ្សាយ​នៅ​តាម​បណ្តាញ​គណនីហ្វេសប៊ុករបស់​ជនខិលខូច​មួយ​ចំនួន​ ដែល​បាន​ផុស និងចែករំលែក ក៏ដូចជាផ្សាយ​ព័ត៌មាន​មិន​ពិត​នោះទេ​។

ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅរូបនេះបានបន្តថា ​ទន្ទឹម​នឹង​ការ​បើក​ផ្សារ​ឱ្យ​អ្នកទិញ ​អ្នកលក់​ធ្វើការ​ដោះដូរ​ទំនិញ​ជាប្រក្រតីហើយនោះ  ថ្នាក់ដឹកនាំ​ផ្សារក៏មិនព្រងើយកន្តើយ ឬ មើលងាយសភាពការណ៍ដែរ គឺបាន​ចុះជួយ​វាស់​ត្រួតពិនិត្យ​កម្ដៅ ​និង​ផ្តល់​ទឹក​អាល់កុល​លាងដៃ ​ជូន​បណ្តា​អ្នកទិញ​ អ្នកលក់​ដើម្បី​ការពារ​មេរោគ​ឆ្លង ​។

មិន​ខុសគ្នា​នោះទេ ​ផ្សា​របឹង​កេងកង ផ្សារ​អូ​ឡាំ​ពិក​ ផ្សារ​អូ​ឬ​ស្សី ​និង​ផ្សារ​នានា​ទៀត នៅពេលនេះ បាន​បើកដំណើរ​ជា​ធម្មតា​ផងដែរ​។​

​លោក គួច ចំណាន បាន​ថ្លែងបន្តថា គ្រប់​ផ្សារ​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​អាច​បិទ​បាន លុះត្រា​មានការ​ណែនាំ​ពី​រាជរដ្ឋាភិបាល ។

អ្នកស្រី ពៅ ធូ ជាអាជីវករក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ បានបា្រប់ឱ្យដឹងថា ស្ថានភាពក្នុងពេលបច្ចុប្បន្ន ការលក់ដូរមានការឡើងចុះធម្មតា ហើយអ្នកស្រីប្រកបរបរនេះអស់ជាង១០ឆ្នាំមកហើយ។ អ្នកស្រីបន្តថា ទំនិញជាគ្រឿងឧបភោគនិងបរិភោគ លក់ដាច់ខ្លាំងណាស់ ហើយលក់ត្រឹមពេលខ្លីមែន តែទទួលបានចំណូលយ៉ាងគួរសម។

អ្នកលក់គ្រឿងទេសរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ចាស! មមាញឹកខ្លាំងមែនទែនព្រោះអីពេលខ្លះ យើងរកលក់អត់ទាន់ឱ្យភ្ញៀវផង ពេលខ្លះគេមករកច្រើន…។ រឿងចំណូលវិញគ្រាន់បើដែរបង យើងចំណេញគួរសម។»

សកម្មភាពលក់ដូរនៅក្នុងឱកាសនេះ ធ្វើឱ្យអាជីវករមានឱកាសចំណេញច្រើន។ ទោះបីជាយ៉ាងនេះក្តី អាជីវករអះអាងថា ពួកគាត់មិនបានតម្លើងថ្លៃទំនិញនោះទេ។

អ្នកស្រី ពៅ ធូ ថ្លែងបន្តថា អ្នកស្រីមិនតម្លើងថ្លៃទេ ដើម្បីចៀសវាងការកេងចំណេញមិនសមរម្យ។ អ្នកស្រីថា ផ្ទុយទៅវិញលោកស្រីខិតខំលក់ទំនិញរបស់អ្នកស្រី ឱ្យឆាប់អស់តែប៉ុណ្ណោះ។

ទោះយ៉ាង​ណា​ក៏ដោយ បណ្តា​ប្រជាពលរដ្ឋ​​ដែលបាន​អញ្ជើញ​ទៅ​ផ្សារ ភាគច្រើន​ពួកគាត់បាន​ពង្រឹង​វិធានការ​ការពារ​ខ្លួន ​តាមរយៈ​ការ​ពាក់​ម៉ាស់​ការពារមេរោគ​ឆ្លង និង​ចូលរួមអនុវត្តវិធានការអនាម័យជាបន្តបន្ទាប់។​

គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានរកឃើញអ្នកដែលឆ្លងមេរោគកូវីដ​១៩ សរុបចំនួន ៨៧ នាក់ ដែលក្នុងនោះ មានខ្មែរ ៣៥ នាក់ បារាំង ៣៤ នាក់ ម៉ាឡេស៊ី ១២ នាក់ អង់គ្លេស៣ នាក់ កាណាដា​ម្នាក់ បែលហ្សិក ម្នាក់ ចិនម្នាក់ ។ មានករណីជាសះស្បើយពីរនាក់ ហើយនឹងអាចមានជាបន្តបន្ទាប់ ពីព្រោះអ្នកជំងឺមួយចំនួនបានធ្វើតេស្តរកមេរោគនេះម្តងទៀត ហើយលទ្ធផលបង្ហាញថាអវិជ្ជមាន ប៉ុន្តែពួកគាត់នៅតែបន្តស្ថិតនៅក្នុងការតាមដានរបស់អ្នកជំនាញសុខាភិបាលដដែល ដើម្បីឱ្យប្រាកដថាពួកគាត់ពិតជា ជាសះស្បើយ​។

យោងតាមតួលេខដែលបានកត់ត្រាដោយអង្គការសុខភាពពិភពលោក បានឱ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ (ម៉ោងនៅប្រទេសកម្ពុជា) យើងសង្កេតឃើញថា មេរោគកូវីដ ១៩ នេះ​បានឆ្លងរីករាលដាលនៅ ១៨៩ ប្រទេស និងដែនដី ដោយមានករណីឆ្លងសរុបរហូតដល់ទៅ​ ៣៣៤.៩៨១ នាក់ និង​អ្នកស្លាប់កើនឡើងដល់ ១៤.៦៥២ នាក់ ។

អត្ថបទ៖ ផល សុផានិត   រូបថត៖ ឡាញ់ វិសាល និងផល សុផានិត