អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលការផ្សព្វផ្សាយព័ត៌មានដែលថា អាជ្ញាធរគ្រោងនឹងបិទរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ — លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានច្រានចោលការផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមមួយចំនួន ដែលបានប្រឌិតថា អាជ្ញាធរនឹងបិទរាជធានី ភ្នំពេញ ដើម្បីបង្ការ និងការពារការរីករាលដាលជំងឺកូវីដ-១៩។ ការលើកឡើងរបស់របស់​អ្នកនាំ​ពាក្យសាលារាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយសំឡេងមួយ ដែលជនអនាមិកផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយបានបញ្ជាក់ថា អាជ្ញាធរ​គ្រោងបិទរាជធានីភ្នំពេញ ហើយសំឡេងនេះ ត្រូវបានចែកចាយជាបន្តបន្ទាប់។

លោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះថា ព័ត៌មានដែលផ្សព្វផ្សាយថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទរាជធានីភ្នំពេញ គឺជាព័ត៌មាន​ក្លែងក្លាយ សុទ្ធសាធ។ លោកបានបញ្ជាក់បន្ថែមថា “សូមបងប្អូនមេត្តាកុំជឿ និងសូមកុំ forward សារសំឡេងនេះបន្តទៀត នាំឱ្យមានការយល់ច្រឡំ”។

ជាមួយគ្នានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញក៏បានអះអាងដែរថា អាជ្ញាធរកំពុង​ស្រាវជ្រាវស្វែងរកម្ចាស់សំឡេង ដែលថតជាសារនេះ ដើម្បីចាត់វិធានការតាមច្បាប់។ លោក​ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋជួយផ្ដល់ព័ត៌មាន ដើម្បីឈានទៅរកម្ចាស់សំឡេងនោះ ដោយ​​អាជ្ញាធរនឹងមានរង្វាន់លើកទឹកចិត្ត។

លោកបានកត់សម្គាល់ឃើញថា ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ជនអនាមិកមួយចំនួន បានព្យាយាមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គម ដើម្បីបង្កឱ្យមានការចលាចល និងមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ៕

ដោយ សួស សំរិត