មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ អបអរសាទរស្រ្ដីជនជាតិអង់គ្លេសដែលជាអ្នកជំងឺរលាក​សួតប្រភេទ​ថ្មី COVID-19 ហើយត្រូវបានព្យាបាលជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ — មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានសម្ដែងនូវការអបអរសាទរចំពោះស្ត្រីជនជាតិអង់គ្លេសដែលជា អ្នកជំងឺរលាកសួតប្រភេទថ្មី COVID-19 ត្រូវបានព្យាបាលជាសះស្បើយពីមន្ទីរពេទ្យរ៉ូយ៉ាល់​ភ្នំពេញ ហើយអាចត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

លោក យ៉ុន សុខខុម ប្រធានផ្នែកទីផ្សារនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានបញ្ជាក់ឱ្យដឹ​ង​ថា អ្នកជំងឺស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់​មន្ទីរពេទ្យ​រ៉ូយ៉ាល់​​ភ្នំពេញ និងក្រុមគ្រូ​ពេទ្យរបស់​អង្គការសុខភាពពិភពលោក (WHO) ក្រុមគ្រូពេទ្យរបស់​ក្រសួង​សុខាភិបាលបានប្រកាសថាអ្នកជំងឺត្រូវបានជាសះស្បើយពីជំងឺរលាកសួតប្រភេទថ្មី COVID-19 នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដោយសម្អាងទៅលើ​លទ្ធផលធ្វើតេស្ដ​អវិជ្ជមាន​ចំនួន​ពីរដង ហើយ​អាចចាកចេញពីមន្ទីរពេទ្យ​ដើម្បីត្រឡប់ទៅប្រទេស​របស់គាត់វិញបាន។ លោកបាន​លើកឡើងថា ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យដែលបានថែទាំ និងព្យាបាលអ្នកជំងឺរួមមានដូចជា វេជ្ជ​បណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា នឹងក្រុមការងារ របស់មន្ទីរពេទ្យរ៉ូយ៉ាល់​ភ្នំពេញផ្ទាល់ ដែលបានខិតខំប្រឹង​ប្រែងលះបង់នូវពេលវេលា និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគាត់​ដើម្បី​ផ្តល់​ការថែទាំដ៏ល្អបំផុត​ដល់អ្នកជំងឺ។ ជាមួយគ្នានេះ ក្នុងនាមជាអ្នកជំងឺ និងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ក៏សូមអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅចំពោះការគាំទ្រដ៏ធំធេងពីក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះការបញ្ជូនកញ្ចប់ឧបករណ៍វេជ្ជសាស្ត្ររបស់ខ្លួន និងថ្នាំ​ប្រឆាំងវីរុសសម្រាប់​ព្យាបាល​អ្នក​ជំងឺ។ លោកក៏បាន ថ្លែងអំណរគុណ ចំពោះការគាំទ្រដ៏ធំធេង​ពី​សម្ព័ន្ធមិត្តអន្តរ​ជាតិរបស់យើងដូចជា អង្គការសុខភាពពិភពលោក (WHO) ផ្នែកប្រយុទ្ធ​ប្រឆាំងនឹងជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងស្ថានទូត សម្រាប់​កិច្ចខិតខំប្រឹង​ប្រែងរួម​គ្នាក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលយ៉ាងយកចិត្តទុកដាក់​ដើម្បី​ព្យាបាលអ្នក​ជំងឺ​ឱ្យជាសះស្បើយ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ នឹង​ខិតខំប្រឹង​ប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ការព្យាបាលដោយសុវត្ថិភាពជូនប្រជាជន​កម្ពុជា និងជន​បរទេសនៅក្នុងប្រទេសកម្ពុជា។

លោក យ៉ុន សុខខុម ក៏បានអះអាងផងដែរ សព្វថ្ងៃនវ ពុំមានអ្នកជំងឺរលាកសួត​ប្រភេទថ្មី COVID-19 ស្នាក់នៅ និងព្យាបាលក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនោះទេ ហើយ​សម្រាប់​អ្នកជំងឺ​ដែលមានការសង្ស័យ មន្ទីរពេទ្យនឹងធ្វើការបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្ដ​ភាព​ខ្មែរ-សូវៀត ដើម្បី​ស្វែងរកជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាលបានថ្លែងអំណរគុណដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលបានរួមចំណែកជួយ​ព្យាបាល និងថែទាំស្រ្ដីជនជាតិអង់គ្លេស(ពិការ) អាយុ៦៥ឆ្នាំ ដែលជាអ្នកជំងឺរលាកសួត​ប្រភេទ​​ថ្មី COVID-19 ហើយត្រូវបានព្យាបាលជាសះស្បើយ។​ លោកជំទាវបានបញ្ជាក់ថា ស្រ្ដីជនជាតិអង់គ្លេសរូបនេះ ត្រូវបានបង្ហាញលទ្ធផលតេស្ដ អវិជ្ជមានវីរុសកូវីដ-១៩ ចំនួនពីរ​ដង ហើយត្រូវបានឱ្យចាកចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ និងអាចត្រឡប់ទៅកាន់ប្រទេសកំណើរបស់គាត់វិញ។

សូមរម្លឹកថា អ្នកជំងឺស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំដែលមានជំងឺរលាកសួត​ប្រភេទ​ថ្មី COVID-19 ត្រូវបានផ្ទេរពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួចបន្តព្យាបាលនៅមន្ទីរ​ពេទ្យ​រ៉ូយ៉ាល់ពេញ ចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីគាត់ត្រូវបានគេធ្វើរោគ​វិនិច្ឆ័យ ឃើញថាមានជំងឺរលាកសួតប្រភេទថ្មី COVID-19 នៅថ្ងៃទី១១ ខែ ​មីនា ឆ្នាំ២០២០ ដោយអ្នក ជំងឺបានធ្វើការសហការបានយ៉ាងល្អជាមួយក្រុមគ្រូពេទ្យតាំងពីចូលព្យាបាលដំបូង រហូតដល់ ជាសះស្បើយ។ ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលដោយប្រើថ្នាំ​ប្រឆាំង​វីរុស និងការ​ព្យាបាល​ដោយដាក់អុកស៊ីសែនដើម្បីជំនួយក្នុងការដកដង្ហើម ការធ្វើតេស្ត​ផ្សេងៗពីមន្ទីរ ពិសោធន៍ ការ​ថតកាំរស្មីអ៊ិច និងការស្កេនសួតត្រូវបានអនុវត្តន៍​ជាប្រចាំ​រៀងរាល់​៣ថ្ងៃម្តង ដើម្បីតាមដាន និងធានាសុវត្ថិភាពដល់អ្នកជំងឺ។ ក្រោយការព្យាបាលមួយរយៈ ទើប​មានការធ្វើតេស្តរក​មេរោគរលាកសួតប្រភេទថ្មីឡើងវិញ​ ហើយលទ្ធផលបានបញ្ជាក់ថា អវិជ្ជ​មានជា​លើកដំបូង​នៅ​ថ្ងៃទី១៩ ខែមីនា ហើយបន្ទាប់មកទៀតគាត់ត្រូវបានធ្វើ​តេស្ត​អវិជ្ជមាន​ជាលើកទីពីរ ដែល​បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០៕

ដោយ រិទ្ធី