ឯកឧត្ដម វ៉ា ថន អនុញ្ញាតឱ្យសភាពាណិជ្ជកម្មមណ្ឌលក្រចេះ ចូលជួបសម្ដែងការគួរសមនិងរាយការណ៍ពីលទ្ធផលការងារ

AKP ក្រចេះ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ចូលជួបសម្ដែងការគួរសម និងរាយការណ៍ពីលទ្ធផលការងារកាលពីរសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ 

លោក កែវ សុទ្ធារិទ្ធ ប្រធានប្រតិភូសភាពាណិជ្ជកម្មមណ្ឌលក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា អនុវត្តន៍តាមតួនាទី និងភារកិច្ចរបស់សភាពាណិជ្ជកម្ម ដែលជាតំណាងឱ្យវិស័យឯកជន កន្លងមកបានធ្វើការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោក កែវ សុទ្ធារិទ្ធ បញ្ជាក់ថា យើងបានធ្វើការសម្របសម្រួលការនាំចេញផលិតផលកសិផល និងប្រភេទទំនិញកសិ-ឧស្សាហកម្ម ដូចជា ស្វាយកែវរមៀតស្រស់បានចំនួន ២ពាន់តោន ចេកអំបូងលឿងចំនួន ២ពាន់តោន ដំឡូងមីក្រៀមចំនួន ៣០ម៉ឺនតោន គ្រាប់ស្វាយចន្ទី ១ម៉ឺនតោន គ្រាប់ម្រេច ១ពាន់តោន និងផលិតផលកសិកម្មន កសិ-ឧស្សាហកម្មមួយចំនួនទៀតទៅកាន់ប្រទេសចិន និងប្រទេសវៀតណាម ។

ក្នុងឱកាសទទួលស្វាគមន៍ និងសំណេះសំណាលជាមួយប្រធាន អនុប្រធាន និងសមាជិកសមាជិកាសភាពាណិជ្ជកម្មមណ្ឌលក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី នាពេលនោះ ឯកឧត្ដម វ៉ា ថន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការសម្របសម្រួលការនាំចេញ នាំចូលដោះដូរទំនិញគ្រប់សារពើនៅក្នុងទឹកដីខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរីទទួលបានលទ្ធផលដ៏ល្អប្រសើរ ។ ឯកឧត្តមក៏បានចូលរួមអបអរសាទរចំពោះលោក កែវ សុទ្ធារិទ្ធ ដែលទើបជាប់ឆ្នោតជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជានាពេលថ្មីៗនេះ ដែលពិតជាបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនាពេលបច្ចុប្បន្ន ។ 

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំ និងជំរុញដល់ប្រធានអនុប្រធាននិងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តទាំងអស់ ត្រូវមានចក្ខុវិស័យវែងឆ្ងាយនិងផែន ការច្បាស់លាស់ ពីគម្រោងការកៀរគរអ្នកវិនិយោគទុន មកវិនិយោគនៅក្នុងខេត្តរបស់ខ្លួន ដោយធ្វើយ៉ាងណាត្រូវមានវិធីសាស្ត្រក្នុងការអូសទាញអ្នកវិនិយោគ ឱ្យបានតាមវិធីសាស្ត្រ   ផ្សេងៗដែលអាចធ្វើទៅបាន។ ឯកឧត្ដមបញ្ជាក់ថា តួនាទីសភាពាណិជ្ជកម្មសំខាន់ខ្លាំងណាស់អាចនិយាយបានថា ការសម្របសម្រួលការប្រកបអាជីវកម្មក្នុងខេត្ត និងការទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក មកវិនិយោគនៅក្នុងខេត្តរបស់យើង និងដើម្បីបង្កើតការងារឱ្យបានច្រើនជូនបងប្អូនប្រជាពលរដ្ឋ ឱ្យមានចំណូលសម្រាប់ទ្រទ្រង់ជីវភាព និងជួយកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ ៕

ដោយជួន សុជាតិ