អភិបាលខេត្តកំពង់ចាមដាក់វិធានកាសម្រាប់ការត្រៀមឆ្លើយតបការទប់ស្កាត់និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩

AKP កំពង់ចាម ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០– ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិ  បាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការចំនួន ៣ចំណុចសំខាន់ៗ សម្រាប់ការឆ្លើយតបការទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ និងបង្ការការរីករាលនេះក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំងមូល។ ការដាក់វិធានការនេះនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការទប់ស្កាត់រាតត្បាត នៃជំងឺកូវីដ-19 ដល់អាជ្ញាធរ មានសមត្ថកិច្ច សម្រាប់ធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនរសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅសាលាស្រុកកងមាស ខេត្តកំពង់ចាម ។ ដែលស្រុកនេះមានការពាក់ព័ន្ធជាមួយជនជាតិម៉ាឡេស៊ីចំនួន ៧នាក់ដែលបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩ ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា វិធានការ៣សំខាន់ៗ រួមមាន៖ ទី១-ការស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋណាដែលទើបតែមកពីបណ្ដាប្រទេសនានា ត្រូវឱ្យពួកគាត់រស់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃជាមុនសិន ដោយយកសំណាកទៅពិនិត្យតាមដានថាមានជំងឺកូវីដ-១៩នេះដែរឬទេ ។ ទី២-ធ្វើការអប់រំទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានឱ្យដឹងច្បាស់ពីជំងឺកូវីត-១៩នេះ អំពីការឆ្លង និងវិធានការបង្ការដោយអប់រំពួកគាត់ត្រូវចេះធ្វើការសម្អាតអនាម័យជាប្រចាំសម្រាប់ខ្លួនឯង និងមនុស្សជុំវិញខ្លួន ។ ទី៣-អាជ្ញាធរមូលដ្ឋានធ្វើការតាមដានការវិវត្តនៃជំជឺនៅក្នុងមូលដ្ឋានរបស់ខ្លួនព្រមទាំងធ្វើការផ្សព្វផ្សាយពីសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្ត ដើម្បីជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ឱ្យគាត់យល់ដឹង និងអនុវត្តន៍ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច និងគ្រប់សាសនា ត្រូវយកចិត្តទុកដាក់លើមុខសញ្ញាដែលមានការពាក់ព័ន្ធជាមួយជនជាតិម៉ាឡេស៊ី ចំនួន ០៧នាក់ដែលបានរកឃើញមានផ្ទុកវីរុស កូវីដ-១៩ នៅក្នុងឃុំរការគយ ឃុំអង្គរបាន និងឃុំពាមជីកងស្រុកកងមាស ខេត្តកំពង់ចាម ព្រមទាំងត្រៀមការឆ្លើយតបអំពីវិធានការបង្ការ ទប់ស្កាត់ ការរាតត្បាត ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩នេះ។ ត្រូអប់រំដល់ប្រជាពលរដ្ឋក្នុងករណីមានប្រជាពលរដ្ឋចំណូលថ្មីពីប្រទេសនានា ត្រូវអប់រំឱ្យគាត់នៅដាច់ពីក្រុមគ្រួសាររយៈពេល ១៤ថ្ងៃសិននិងប្រសិនណាមានប្រជាពលរដ្ឋមានភាពមិនប្រក្រតីកម្ដៅឡើងលើសពីធម្មតាត្រូវឱ្យគាត់ទៅមណ្ឌលសុខភាពជាបន្ទាន់ ដើម្បីពិនិត្យនិងពិគ្រោះយោបល់ជាមួយពេទ្យ ដើម្បីទប់ស្កាត់និងព្យាបាលឱ្យបានទាន់ពេលវេលា និងមិនឱ្យមានការឆ្លងដល់អ្នកដទៃបន្ថែមទៀត ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារបានបន្តដំណើរចុះពិនិត្យទីតាំងដែលជនជាតិម៉ាឡេស៊ី ៧នាក់ ស្នាក់អាស្រ័យ មានផ្ទុកជំងឺកូវីត-១៩(Covid-19) ស្ថិតនៅភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ព្រមទាំងបានអប់រំប្រជាពលរួមគ្នាចូលរួមទប់ស្កាត់ដោយផ្តើមចេញពីយើងម្នាក់ជាអ្នកចូលរួម៕

ដោយ ឆាយ ម៉ុត