អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ COVID-19

AKP កំពង់ចាម ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ — នៅព្រឹក​ថ្ងៃចន្ទ ១៥រោច  ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងត្រៀមរៀបចំទីតាំងសម្រាប់ទទួលពិនិត្យព្យាបាលអ្នកជំងឺ COVID-19 ដាច់ដោយឡែក។

រដ្ឋបាលខេត្ត សម្រេចយកអគារថ្មីជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនសាលាគរុកោសល្យភូមិភាគកំពង់ចាម សម្រាប់ប្រើប្រាស់ធ្វើជាកន្លែង ពិនិត្យ ថែទាំ និងព្យាបាល ជំងឺកូវីដ១៩ក្នុងខេត្ត ដោយទីតាំងធំទូលាយមានខ្យល់ កាសចេញចូល គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុកភាព។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធ ជំងឺកូវីដ១៩ (Covid-19) ក៏បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ អាគារសិក្សា នៃសាលាគរុកោសល្យភូមិភាគកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមសម្រាប់ដាក់ អ្នកដែលរកឃើញថា​ មានផ្ទុកកូវីដ១៩ (Covid-19) ឱ្យមានកន្លែង​ សម្រាកព្យាបាលសមរម្យ និងដាច់ដោយឡែក យោងទៅតាមគោលការណែនាំរបស់ប្រមុខ ថ្នាក់ដឹកនាំហើយបាន ណែនាំ ដល់ក្រុមជំនាញផ្នែកប្រព័ន្ធទឹកស្អាតនិងអគ្គិសនី ជំរុញការរៀបចំឱ្យបានឆាប់រហ័ស បំផុត។

បើតាមក្រសួងសុខាភិបាល គិតត្រឹមរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន៨៦នាក់ហើយ។ ចំពោះខេត្តកំពង់ ចាមគិតមកដល់ពេលនេះ មានចំនួន១១ ករណីហើយ៕

ដោយ ឆាយ ម៉ុត