អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យទីស្នាក់ការតាមច្រកព្រំដែន

AKP ខេត្តតាកែវ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ បា​ន​​ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យទីស្នាក់ ការតាមច្រកព្រំដែន និងផ្សព្វផ្សាយ​សារាច​រណែ​នាំ​​របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួម បង្ការនឹងទប់ស្កាត់នូវជំងឺ កូវីដ-១៩។ នេះបើ​តាម​ហ្វេ​​​ស​ប៊ុករដ្ឋបាលខេត្តតាកែវ។

​ឯកឧត្តម អ៊ូច ភា អភិបា​លនៃ​គ​ណៈ​អភិ​បា​ល​ខេ​ត្ត​តា​កែវ កាលពីចុងសប្តាហ៍ បា​នដឹ​កនាំ​មន្ទី​រជំនាញចុះត្រួតពិនិត្យ​នៅស្នាក់ការ​ត្រួត​ពិនិ​ត្យច្រកទ្វា​រព្រំដែ​នទ្វេ​​ភា​គី​បា​ក់ដៃ ស្ថិត នៅឃុំ គោកធ្លក ស្រុកអង្គរបូរី និងស្នាក់កា​រត្រួ​តពិនិត្យច្រកទ្វារព្រំដែ​នទ្វេ​ភាគី​កំព​ង់​ក្រ​សាំ​ង ស្ថិតនៅ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ដើម្បីសាកសួរសុខទុក្ខ និងផ្ស​ព្វផ្សា​យ​សា​រាចរណែនាំមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តតាកែវ ដល់​ម​ន្រ្តីដែលកំពុងប្រតិបត្តិការនៅច្រកទ្វារទ្វេភាគីទាំងពីរ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើ​កា​រ​ណែ​នាំ​​​ដ​ល់​មន្រ្តីនៅច្រកទ្វារព្រំដែនទឹកទាំងពីរ ត្រូវធ្វើការអនុវត្តតាមសារាចរណែនាំរបស់ប្រមុ​​ខ​រា​ជ​​រដ្ឋាភិបាលកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសមន្រ្តីចត្តាឡី​ស័ក្ដត្រូវតែរួម​សហកា​រ​ណ៍​ជា​មួយសមត្ថកិច្ចនៅតាមព្រំដែនទាំងពីរ ដោយធ្វើការត្រួតពិនិត្យរាល់ពលរដ្ឋខ្មែរ ឬវៀតណាម ដែលបានឆ្លងកាត់ឱ្យ​បានច្បាស់លាស់ ដើម្បីចូលរួមបង្ការនិងទ​ប់ស្កាត់​នូវ​ការ​រីក​រាល​ដា​ល​នូ​វ​ជំ​ងឺ​ កូវីដ-១៩ ដែលពិភពលោកទាំងមូលកំពុងរួមសហការគ្នាកម្ចាត់នូវមេរោគនេះ។

ឆ្លៀត​ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានឧបត្ថម្ភនូវថវិ កាមួយចំនួនធំដល់ស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីបាក់ដៃ និងច្រកទ្វារព្រំដែនទ្វេ ភាគីកំពង់ក្រសាំងផងដែរ៕

ដោយ គង់ សិរីរ័ត្ន