ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ជាឯកច្ឆ័ន្ទសេចក្តី​ព្រាងច្បាប់ចំនួន​ ៦ តាមការស្នើឡើងរបស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ — សមាជិកព្រឹទ្ធសភាចំនួន៥២រូប នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ បានអនុម័តជា ឯកច្ឆ័ន្ទសេចក្តីព្រាងច្បាប់ចំនួន​៦ តាមការស្នើឡើងរបស់រាជរដ្ឋាភិបាលទុកជាការប្រញាប់។ ការអនុ ម័តនេះធើ្វឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិប​តី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងបន្ទាប់ បញ្ចប់សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភានេះថា សេចក្តីព្រាងច្បាប់ទាំង៦នោះរួមមាន៖

ទី១- ពិនិត្យ និងឱ្យយោ​បល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបានអង្គប្រជុំព្រឹទ្ធសភា ពិនិត្យនិងឱ្យយោបល់ឯកភាព ទាំងស្រុងលើ សេចក្តី ព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ដោយចាត់ទុកសេចក្តីព្រាងច្បាប់នេះ ដែលនឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានស្ថាប័នមួយ ទទួលបន្ទុកច្បាស់លាស់ និងជាក់លាក់ជាលើកដំបូង ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការលើកទឹកចិត្តចំពោះរបកគំហើញថ្មីៗ និងនវានុវត្តន៍។ ម្យ៉ាងទៀត នេះក៏ជាជំហាន កំណែទម្រង់មួយកម្រិតទៀត ដើ​ម្បី​ធ្វើឱ្យវិស័យនេះផ្សារភ្ជាប់ទៅនឹងនិន្នាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពិភពលោក និងពង្រឹងបន្ថែមចំណុ​ចខ្លាំងរបស់ខ្លួនលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងឧស្សហកម្ម និងសិប្បកម្ម បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៨មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៦សំឡេងនៃចំនួនសមាជិក រដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។

ទី២-  ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ទីពីរស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោ​គ​ទូលំទូលាយអាស៊ាន។ ពិធីសារទីពីរនេះ មានគោល បំណងបង្កើតរបបវិនិយោគសេរី និងបើកចំហនៅក្នុងអាស៊ាន ដើម្បីសម្រេចនូវគោលដៅចុងក្រោយ នៃសមាហរណកម្មសេដ្ឋកិច្ច ក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន។ តាមរយៈពិធីសារនេះ ព្រះរាជាណា ចក្រកម្ពុជាពិតជានឹងបោះជំហានថ្មីមួយបន្ថែមទៀត ក្នុង​ការទាក់ទាញអ្នកវិនិយោគពីរដ្ឋ សមាជិកអាស៊ាន ក៏ដូចជាអ្នកវិនិយោគនៃបណ្តាប្រទេស ដទៃទៀតដែលមានបំណងមកធ្វើការ វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។  ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ សេចក្តីព្រាងច្បាប់នេះ តាក់​តែងឡើង​មាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៨សំ​ឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋស​ភា​ជាវិសាមញ្ញ នីតិកាលទី៦។

ទី៣-  ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារ ទីបីស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគ​ទូលំទូលាយអាស៊ាន។ ពិធីសារទីបីនេះ មានគោល បំណងបង្កើតបរិយាកាសវិនិយោគ ដែលសេរី ងាយស្រួល មានតម្លាភាព និងមានលក្ខណៈ​ប្រកួតប្រជែងនៅក្នុងអាស៊ាន។ តាមរយៈពិធីសារនេះ ព្រះរាជាណាចក្រ កម្ពុជាពិតជា បានបោះជំហាន ថ្មីមួយទៀតជាមួយអាស៊ាន ក្នុងការទាក់ទាញអ្នកវិនិយោគ ពីប្រទេសក្រៅ តំបន់អាស៊ាន មកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និងក៏ដូចជានៅក្នុងតំបន់ អាស៊ានផងដែរ។

ទី៤- ពិនិត្យ និងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំ ឡើងក្នុងគោលបំណង បើកផ្លូវឱ្យប្រទេសសមាជិកអាស៊ាន មានមូលដ្ឋានគតិយុត្ត ក្នុងការអនុវត្តនូវ ស្វ័យបញ្ជាក់ ដើមកំណើតទូទាំងអាស៊ាន (ASEAN Wide Self Certification-AWSC) សំដៅរួមចំណែក ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបង្កលក្ខណៈ ងាយស្រួលបន្ថែម ទៀតដល់ពាណិជ្ជករ និងវិនិយោគិន ជាពិសេសសហគ្រាសធុនតូច និងមធ្យម តាម    រយៈ​ការធ្វើសាមញ្ញកម្មលើនីតិវិធី ប្រតិបត្តិនៃការ បញ្ជាក់ដើមកំណើត ដែលកត្តានេះនឹងរួមចំណែកជំ​រុញ​ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន តាមរយៈការបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញ អាស៊ាន ស្របតាមផែនការមេ សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញមកការពារសេចក្តី ព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើ សេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៧សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។

ទី៥- ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត​យល់ព្រមលើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។ សេចក្ដីព្រាង ច្បាប់នេះ  តាក់តែងឡើងមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្ទេរទណ្ឌិត ដើម្បីផ្តល់ឱកាសដល់​ទណ្ឌិតអាចធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្នុងគោលបំណង​ធ្វើកិច្ចសហ ប្រតិបត្តិការក្នុងការអនុវត្តសាលក្រមព្រហ្មទណ្ឌ។ សន្ធិសញ្ញានេះមានសារសំខាន់ និងអត្ថ ប្រយោជន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ព្រះរាជាណា ចក្រកម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយមវៀតណាម ក្នុងការអនុវត្តច្បាប់ និងសកម្ម​ភា​ព​ក្នុងផ្នែក យុត្តិធម៌ប្រព្រឹត្តទៅបានល្អ។ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារ សេចក្តីព្រាងច្បាប់​នេះ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើ សេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ០៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៦សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ និង

ទី៦- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ សន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្ដីព្រាងច្បាប់នេះ តាក់តែងឡើងមានគោល បំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សំដៅប្រយុទ្ធប្រឆាំងនឹងបទល្មើសប្រកប ដោយប្រសិទ្ធភាព ដោយឈរលើមូលដ្ឋានគោរព​អធិបតេយ្យគ្នាទៅវិញទៅមក សមភាព និងផល ប្រយោជន៍រួមទាំងសងខាង ហើយជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការចូលរួមយ៉ាង សកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ ក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ សេចក្តីព្រាងច្បាប់ដែលតាក់តែងឡើងមាន ០៣មាត្រានេះ ក៏ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៥សំឡេង នៃចំនួនសមា ជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសា​មញ្ញ នីតិកាលទី៦៕

ដោយ ប៉ាល់ សុង