អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ សេវាសុខាភិបាលមូលដ្ឋាននៅក្បែរកន្លែងរស់នៅ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ — អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីអំពាវនាវមួយឱ្យប្រជាពលរដ្ឋ​កម្ពុជា​ប្រើប្រាស់សេវាសុខាភិបាលមូលដ្ឋានដូចជា មណ្ឌលសុខភាពដែលនៅជិតផ្ទះ នឹងបន្ត​អនុវត្តន៍​នូវវិធានការប្រុងប្រយ័ត្ន និងរក្សាអនាម័យខ្ពស់។ ការអំពាវនាវរបស់អង្គភាពអ្នក​នាំ​ពាក្យរាជ​​រដ្ឋាភិ​បាលបែបនេះ គឺធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ មួយចំនួនតូច ហាក់មានការ​ភ័យខ្លាចស្លន់ស្លោ រហូតដល់មានការយល់ច្រឡំខុសអំពីអាការៈជំងឺផ្សេងៗ ដូចជា ជំងឺផ្តា​សាយ​ធម្មតា ផ្តាសាយ​ធំ ជំងឺរលាកសួតធម្មតា ជំងឺរលាកផ្លូវដង្ហើម និងអាការៈជំងឺផ្សេងៗទៅ​នឹងអាការៈវីរុសកូវីដ-១៩នោះ។ ជាមួយគ្នានេះ ការយល់ខុសរបស់ប្រជាពលរដ្ឋបែបនេះ បាន​ធ្វើឱ្យមានការសម្រុកមកមន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យ​បង្អែកតាមបណ្តាខេត្តមួយ​ចំនួនច្រើន​ហួសពីការរំពឹងទុក។ នេះបើតាមការបញ្ជាក់របស់​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឆ្លើយតបទៅនឹងការព្រួយបារម្ភ និងការភ័យស្លន់ស្លោរបស់ប្រជាពលរដ្ឋនេះដែរ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តន៍វិធានការយ៉ាងយកចិត្តទុកដាក់ និងដោយហ្មត់ចត់ជាទីបំផុត ក្នុងការ​បំពេញ​ភារកិច្ចការពារព្យាបាល និងទប់ស្កាត់ការចម្លងនៃវីរុសកូវីដ-១៩នេះ៕

ដោយ ចាន់ សុធីវង្ស