អ្នកនាំពាក្យក្រសួងធនធានទឹក៖ ក្រសួងគ្រោងសាងសង់ស្ថានីយរ៉ាដា តាមដាន ស្ថានភាពអាកាសធាតុធំទី២នៅខេត្តកំពង់ធំ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកកម្ពុជា បាន​អះអាងថា ក្រសួងគ្រោងនឹងសាងសង់ស្ថានីយរ៉ាដាតាមដានស្ថានភាពអាកាសធាតុធំទី២ នៅ​ខេត្តកំពង់ធំ បន្ថែមជាមួយស្ថានីយរ៉ាដាទីមួយ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ដើម្បី បំពេញនូវតម្រូវការចាំបាច់ក្នុងការតាមដានស្ថានភាពអាកាសធាតុនៅកម្ពុជា។ ការលើក​ឡើង​របស់ឯកឧត្តមនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារ​បន្តរបស់​ក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការគណៈ​រដ្ឋមន្រ្តី ។

ឯកឧត្តម ចាន់ យុត្ថា បានថ្លែងថា ក្រសួងនឹងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការងារសាងសង់ស្ថានីយរ៉ាដាទីពីរនេះ ដែលគ្រោងនឹងចំណាយថវិកាចំនួន៧​លាន​ដុល្លារអាម៉េរិកសម្រាប់ការសាងសង់នៅឆ្នាំ២០២១ខាងមុខនេះ។ ឯកឧត្តមរដ្ឋលេខាធិ​ការ​បាន​បញ្ជាក់ថា យើងមិនអាចសាងសង់ស្ថានីយមួយគឺអាចគ្រប់គ្រាន់នោះទេ គឺយើងត្រូវ​បំពាក់នូវ​ឧបករណ៍រណបជាច្រើនទៀត។ ឯកឧត្ដមបានលើកជាឧទាហរណ៍ដូចជា​ស្ថានីយរ៉ាដា​តេជោ​សែន នៅរាជធានីភ្នំពេញ គឺត្រូវមានប្រព័ន្ធលំហូរទិន្នន័យ ប្រព័ន្ធព្យាករណ៍ និង​ផ្កាយ​រណប​ដើម្បីចាប់យកស្ថានភាពពពក និងបាតុភូតផ្សេងៗជាដើម និងបូកបន្ថែម​នឹងការងារ​បណ្តុះ​បណ្តាលផងដែរ ៕

ដោយ ចាន់ សុធីវង្ស