ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ បកស្រាយអំពីអ្វីដែលហៅថាការឆ្លងនៅក្នុងសហគមន៍

AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងតាមរយៈបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះថា ការឆ្លងនៅក្នុងសហគមន៍គឺការឆ្លងជំងឺអ្វីមួយដោយពុំមានដឹងប្រភពច្បាស់លាស់។

ឯកឧត្តមបានលើកឡើងដូច្នេះថា៖ “ឧទាហរណ៍ថានៅក្នុងភូមិមួយដែលមានមនុស្សសុខៗស្រាប់តែឈឺ ហើយបន្ទាប់ពីធ្វើតេស្តរកមេរោគគឺគាត់វិជ្ជមានវីរុសកូវីដ១៩ ហើយយើងពុំអាចរកប្រភពចម្លង នៃមេរោគដែលបានចម្លងទៅអ្នកជំងឺនោះឃើញ នេះហើយគឺជាការឆ្លងនៅក្នុងសហគមន៍ ដែលមេរោគបានរីករាលដាលដោយពុំដឹងប្រភពនៃមេរោគ។”

ឯកឧត្តមវេជ្ជបណ្ឌិតបានបន្ថែមថា ករណីទាំង៥៣នៅប្រទេសកម្ពុជា គឺភាគច្រើន ជាករណីនាំចូលទាំងអស់ លើកលែងតែករណីបុរសជនជាតិខ្មែរនៅក្នុងខេត្តសៀមរាប ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងបុរសជនជាតិជប៉ុនដែលវិជ្ជមានកូវីដ១៩ ហើយមកពីក្រៅប្រទេស និងករណី០៣ករណីទៀត គឺជាអ្នកប៉ះពាល់ដោយផ្ទាល់ និងខ្លះប្រយោល ជាមួយអ្នកជំងឺដែលមកពីក្រៅប្រទេសដូចគ្នា។ ដើម្បីបង្ការការរីករាលដាលនៅក្នុងសហគមន៍នេះ ក្រសួងសុខាភិបាល មានប្រព័ន្ធតាមដាននៅក្នុងសហគមន៍ផងដែរ ដូចជាប្រព័ន្ធតាមដានជំងឺផ្តាសាយ ជំងឺរលាកសួត ហើយសំណាកអ្នកជំងឺទាំងនេះ គឺក្រសួងសុខាភិបាលក៏បានយកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ ដើម្បីរកវីរុសកូវីដ១៩ បើទោះជាប្រជាពលរដ្ឋទាំងនោះពុំមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ឬត្រលប់មកពីក្រៅប្រទេស ហើយតាមរយៈការវិភាគសំណាកទាំងនោះ គឺពុំមានប្រជាពលរដ្ឋណាម្នាក់មានវីរុសកូវីដ១៩នោះទេ ហេតុដូច្នេះហើយទើបឯកឧត្តមហ៊ានអះអាងថា ពុំទាន់រកឃើញភស្តុតាងណាមួយដែលថា កម្ពុជាមានការឆ្លងវីរុសកូវីដ១៩ក្នុងសហគមន៍ នៅឡើយទេរហូតមកទល់ថ្ងៃនេះ។

ការព្រួយបារម្ភអំពីការរីករាលនៅក្នុងសហគមន៍ គឺបន្ទាប់ពីមានរបាយការណ៍នៃចំនួនខ្មែរឥស្លាមចំនួន៧៩នាក់ ដែលបានធ្វើដំណើរទៅចូលរួមពិធីសាសនាមួយនៅប្រទេសម៉ាឡេស៊ី ហើយពួកគាត់បានត្រឡប់មកប្រទេសកម្ពុជាវិញ ដោយក្នុងចំណោមខ្មែរឥស្លាមទាំង៧៩នាក់នោះ គឺមានអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន២៣នាក់ ហើយពួកគាត់បានប្រាស្រ័យទាក់ទងជាមួយប្រជាជនក្នុងសហគមន៍គាត់ និងធ្វើដំណើរចុះឡើងពីតំបន់មួយទៅតំបន់មួយទៀត ទម្រាំមានការរកឃើញថាពួកគាត់វិជ្ជមានវីរុសនេះ។ ប៉ុន្តែបន្ទាប់ពីក្រសួងសុខាភិបាលបានធ្វើការវិភាគសំណាក ខ្មែរឥស្លាមទាំង៧៩នាក់នោះមក លទ្ធផលបានបង្ហាញថា មានចំនួន២៣នាក់វិជ្ជមានកូវីដ១៩ ហើយ ក្នុងនោះអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សទាំង២៣នាក់នេះ ប្រមាណ៣០០នាក់ ក៏បានធ្វើតេស្តហើយផងដែរ ដោយបានរកឃើញថាមានចំនួន០៣នាក់ បានឆ្លងជំងឺនេះ គឺសុទ្ធតែជាអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ឬជាក្រុមគ្រួសាររបស់ពួកគេ។

ដោយ ផែន រតនៈ