អ្នកដែលមានទំនាក់ទំនងជាមួយជនជាតិបារាំង២នាក់ ដែលវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក

AKP ព្រះសីហនុ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ — បុរសជនជាតិខ្មែរ ៣នាក់ និងជនជាតិបារាំង ៣៤នាក់ ដែលមានទំនាក់ទំនងជាមួយបុរសវ័យចំណាស់ជនជាតិបារាំង ២នាក់ ដែលឆ្លងមេរោគកូវីដ១៩ នៅខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងសណ្ឋាគារមួយ រយៈពេល១៤ថ្ងៃ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តព្រះសីហនុ។

សំណាករបស់មនុស្សទាំង៣៧នាក់នោះ ក៏ត្រូវបានយកទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា នៅភ្នំពេញ ហើយកំពុងតែរង់ចាំលទ្ធផល។

ចំណាត់ការយកមនុស្សទាំង ៣៧នាក់ ទៅទុកដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ របស់អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានធ្វើឡើងភ្លាមៗ ក្រោយពីបុរសជនជាតិបារាំង ម្នាក់អាយុ៦៧ឆ្នាំ និងម្នាក់ទៀតអាយុ ៨០ឆ្នាំ ជាអ្នកទេសចរទៅលេងនៅខេត្តព្រះសីហនុ ត្រូវបានក្រសួងសុខាភិបាល អះអាងថា មានផ្ទុកកូវីដ១៩ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហុន បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវ និងសួរនាំរួចមក ជនជាតិបារាំង ចំនួន៣៦នាក់ បានធ្វើដំណើរមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ បន្ទាប់មកពួកគេបានធ្វើដំណើរកម្សាន្ត តាមរថយន្ត ជាមួយមគ្គុទេសក៍ទេសចរណ៍ ២នាក់ និងអ្នកបើករថយន្តម្នាក់ទៀត ជាជនជាតិខ្មែរ ឆ្ពោះមកខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ទៀតថា ក្រោយបុរសជនជាតិបារាំង២នាក់ ដែលរកឃើញផ្ទុកមេរោគកូវីដ១៩ នោះ អាជ្ញាធរ និងមន្ត្រីចត្តាឡីស័ក បានចាប់ផ្តើមនាំមនុស្សទាំង ៣៧នាក់ ក្នុងនោះជនជាតិបារាំង ៣៤នាក់ និងជនជាតិខ្មែរ ៣នាក់ យកទៅទុកដាច់ដោយឡែកក្នុងសណ្ឋាគារមួយ ដើម្បីតាមដានសុខភាព និងរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ១៩ បន្តទៀត។

ដោយ នីកា