ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់៖ អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ឱសថព្យាបាល ឬក៏វ៉ាក់សាំងចាក់ការពារវីរុសកូវីដ១៩នៅឡើយទេ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ —  ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងតាមរយៈបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះថា ពុំទាន់មានការប្រកាសជាផ្លូវការណាមួយរបស់អង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ថាមានឱសថព្យាបាល ឬក៏វ៉ាក់សាំងចាក់ដើម្បីការពារវីរុសកូវីដ១៩នៅឡើយទេ។

ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “គិតត្រឹមម៉ោង១០៖៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ ឱសថព្យាបាល ឬវ៉ាក់សាំងចាក់ការពារ ក៏ដូចជាវត្ថុ ឬរបស់ប្លែកៗដែលអាចការពារវីរុសកូវីដ១៩នោះទេ។ ហេតុដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ ត្រួតពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាងការបាត់បង់ធនធាន ប្រាក់កាស និងមានការធ្វេសប្រហែសក្នុងការធ្វើអនាម័យប្រចាំថ្ងៃទៅវិញ។”

ការឆ្លើយតបដូច្នេះ បន្ទាប់ពីមានការប្រកាសផ្សព្វផ្សាយពាក្យចចាមអារ៉ាម ពីការរកឃើញវ៉ាក់សាំង ឬក៏ថ្នាំព្យាបាលជាដើម ហើយក៏មានការផ្សព្វផ្សាយលក់ដូរនូវ ថ្នាំបុរាណដែលអាចព្យាបាលជំងឺកូវីដ១៩នេះ។ល។ ហើយថ្មីៗនេះទៀតសោតក៏ឃើញមានការប្រកាសលក់បន្ទះកាតការពារវីរុសកូវីដ១៩ ដែលឯកឧត្តមវេជ្ជបណ្ឌិតបានបញ្ជាក់ថា គឺជាការភូតកុហកបោកប្រាស់ទាំងស្រុង។

ដោយឡែកករណីអ្នកផ្ទុកកូវីដ១៩ទាំង៥០នាក់វិញ ឯកឧត្តមវេជ្ជបណ្ឌិតបានបញ្ជាក់ថា សុខភាពអ្នកជំងឺដែលយើងបានរកឃើញហើយកំពុងសម្រាកពេទ្យនោះ គឺពុំទាន់មានអ្នកជំងឺណាម្នាក់មានសភាពធ្ងន់ធ្ងរនៅឡើយទេ។ ភាគច្រើនអ្នកជំងឺពុំចេញរោគសញ្ញា ឬក៏ចេញរោគសញ្ញាតិចតួច ដូចជាផ្តាសាយ រោគសញ្ញាផ្លូវដង្ហើម និងក្តៅខ្លួនតិចតួច ចំពោះករណីរកឃើញមុនៗវិញ ពួកគាត់នឹងឈានទៅរកការជាសះស្បើយជាបណ្តើរៗហើយ។

ដោយ ផែន រតនៈ