កម្ពុជា-វៀតណាមដាក់ចេញនូវដំណោះស្រាយចំនួន៤សម្រួលដល់ការដោះដូរទំនិញទៅវិញ ទៅមក

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ — កម្ពុជា-វៀតណាមដាក់ចេញនូវដំណោះស្រា យចំនួន៤ដើម្បីសម្រួលដល់ការដោះដូរទំនិញទៅវិញទៅមកក្រោយរដ្ឋាភិបាលនៃប្រទេសទាំងពីរសម្រេចបិទការចេញចូលរបស់ពលរដ្ឋទាំងសងខាង។

កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាមដើម្បីដោះស្រាយបញ្ហាដោះដូរទំនិញត្រូវបានរៀប ចំឡើងនៅរសៀលថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ដែលខាងភាគីកម្ពុជាសហដឹកនាំដោយបណ្ឌិតគុណញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងលោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងអមដោយសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិបាវិតរួមជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជានិងប្រតិភូតំណាងភាគីវៀតណាមដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញអមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញនិងសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ។

អង្គប្រជុំបានឯកភាពសម្រេចអនុវត្តដំណោះស្រាយចំពោះមុខចំនួន០៤ចំណុចដូចតទៅ៖

១៖អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់សហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ។

២៖អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់សហើយប្តូរក្បាលឡានសណ្តោង។

៣៖អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់សហើយធ្វើការផ្ទេរទំនិញឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាងទៅដាក់លើរថយន្តភាគីម្ខាងទៀត។

៤៖អនុញ្ញាតឱ្យរថយន្តដឹកទំនិញពីភាគីវៀតណាមចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែនរួចផ្ទេរទំនិញចេញនិងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញដោយតម្រូវឱ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារVirus ដែលអនុញ្ញាតដោយចត្តាឡីស័កនិងសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជាជួយសហការធានាថាអ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវនិងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។

យោងតាមស្មារតីនៃអង្គប្រជុំភាគីទាំងពីរបានឯកភាពផ្សព្វផ្សាយនូវដំណោះស្រាយទាំងនេះទៅដល់ធុរជនដែលមានការពាក់ព័ន្ធដល់ការដឹកជញ្ជូនទំនិញហើយធុរជនអាចជ្រើសយកជម្រើសមួយណាក៏បានដែលល្អសម្រាប់ពួកគាត់ដោយអនុវត្តតាមវិធានការពារដែលណែនាំដោយចត្តាឡីស័ក។

ដើម្បីដោះស្រាយការកកស្ទះនៅព្រំដែនភាគីទាំងពីរបានសម្រេចអនុញ្ញាតឱ្យអនុវត្តភ្លាមហើយសម្រាប់ថ្ងៃទី១៩ខែមីនាឆ្នាំ២០២០គឺសមត្ថកិច្ចពាក់ព័ន្ធទាំងសងខាងឯកភាពសម្រួលអនុញ្ញាតឱ្យធ្វើប្រតិបត្តិការរហូតដល់ម៉ោង១០យប់។

ដំណោះស្រាយទាំង៤ជម្រើសនេះនឹងត្រូវបានយកមកអនុវត្តចំពោះគ្រប់មាត់ច្រកដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញរបស់ប្រទេសវៀតណាមនិងបានឯកភាពគ្នាបន្តកិច្ចសហការដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខដែលអាចកើតមានជាយថាហេតុ៕

ដោយ ម៉ៅ ចរិយ