ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩និងទិសដៅបន្តឆ្នាំ២០២០របស់មន្ទីរសុខាភិបាលខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្ត​បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង​ទិ​​សដៅអនុវត្តបន្តឆ្នាំ២០២០ របស់មន្ទីរសុខាភិ បាលខេត្តក្រចេះ កាលពីព្រឹកថ្ងៃសុក្រ១២រោច ខែ​ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០។ ក្នុងបាយការណ៍របស់លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា  បច្ចុប្ប​ន្ន​ខេត្តក្រចេះមានមន្ទីរពេទ្យបង្អែកខេត្តចំនួន ៣ កន្លែង មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខ ភាពចំនួន ១៤ កន្លែងកំពុងដំណើរការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទន្ទឹមនឹ​ងអ​គារ​មណ្ឌ​​លសុខភាពចំនួន៨ទៀតកំពុងសាងសង់បន្ថែម។ 

លោកប្រធានមន្ទីរបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅអ្នកជំងឺចូលសម្រាកពេទ្យមានចំនួន ២៤​២៨៦ នាក់ កើនឡើងចំនួន១២២៥ នាក់ ក្នុងនោះអត្រាស្លាប់បានថយចុះពី០,៨៥ ភាគរយ​មក​​នៅត្រឹម០,៧៣ ភាគរយ ។

លោក ឈ្នាង សុវត្ថា បានឱ្យដឹងថា ការប្រើប្រា​ស់សេ​វា​សុ​ខ​ភា​ព​នៅក្រោម​យន្ត​កា​រ​ហិ​រ​ញ្ញ​ប្បទាន គាំទ្រជនក្រីក្រដោយមូលនិ​ធិស​មធ​ម៌​បា​នអនុវត្តនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរ​ពេ​​ទ្យបង្អែក កម្ម វិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម ២ ឆ្នាំ នៃ​គ្រួ​សា​រ​មា​នប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាពរបស់រាជរដ្ឋាភិបាលបានឧបត្ថម្ភប្រាក់ចំនួន៤ ម៉ឺនរៀល​ជូ​ន​ស្ត្រី​ម​កពិនិត្យផ្ទៃពោះបានចំនួន១៧៤៤ នាក់ ឧបត្ថម្ភប្រាក់ចំនួន ២០ ម៉ឺនរៀ​លជូន​ស្ត្រីស​ម្រា​ល​កូ​នបានចំនួន១២១១ នាក់ នឹងឧបត្ថម្ភប្រាក់ចំនួន៤ ម៉ឺនរៀលជូនស្ត្រីមកពិនិត្យក្រោយសម្រា​លកូ​ននិងនាំកូនអាយុក្រោម ២ ឆ្នាំមកពិនិត្យសុខភាពនិងទទួលថ្នាំ បង្ការបានចំនួន ៤៦២២ នាក់។

មានប្រសាសន៍នៅក្នុងពិធី នោះឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បាន​សម្តែងការរីករាយចំពោះមន្រ្តីសុខាភិបាលនិងក្រុមគ្រូពេទ្យទាំងអស់ដែលបានយល់ដឹងច្បាស់ចំពោះការកែ ទម្រង់វិស័យសុខាភិបាល ក្រោមចំណុះរដ្ឋបាលខេត្ត គឺដើម្បីប​ម្រើសេ​វា​និ​ងប​ង្ខិត​សេ​​វាឱ្យកាន់តែជិតនិងប្រជាពលរដ្ឋ មានប្រសិទ្ធភាព និងមាន ទំនុកចិត្ត ។  ឯក​ឧត្ដ​ម​បា​ន​ជំរុ​ញ​ឱ្យ​បន្តពង្រឹងសេវាសុខាភិបាលរបស់យើង ដើរឲ្យទាន់នឹងកំណែទម្រង់របស់រាជរដ្ឋាបាល ។

ឯកឧត្ដម វ៉ា ថន បានកើតសរសើរចំពោះបងប្អូនដែលស្ម័គ្រ ចិត្តបម្រើកា​រងារ​ជាគ្រូ​ពេ​ទ្យ ដោយតម្រូវឲ្យមាន ការអត់ធ្មត់ ព្យាយាម និងមានការស្រលាញ់ អាធ្យាស្រ័យដល់​អ្នក​ជ​ម្ងឺនិ​ង​អ្នកមកទទួលសេវា ប្រកបដោយក្រមសីលធម៌វិជ្ជាជីវ:និងជំនាញ ហើយសូមបន្តអនុវ​ត្តវិ​ជ្ជា​ជី​វ​:របស់ខ្លួន ដើម្បីឱ្យវិស័យសុខាភិបាលនៅកម្ពុជា ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និ​ង​មា​ន​ទំ​នុ​កចិត្តពីប្រជាពលរដ្ឋ៕

ជួន សុជាតិ