ក្រសួងមហាផ្ទៃកំពុងពិចារណាក្នុងការផ្អាកមិនឱ្យចូលសួរសុខទុក្ខអ្នកទោសក្នុងអំឡុងពេល មានការរីករាលដាលកូវីដ-១៩នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងបាននិងកំពុងពិចារណាក្នុងការផ្អាកជាបណ្តោះអាសន្នការចូលសួរសុខទុក្ខអ្នកទោសនៅតាមពន្ធនាគារ ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឹកូវីដ-១៩ ដែលកម្ពុជាបានរក​ឃើញក្នុងពេលបច្ចុប្បន្ន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំត្រៀមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការ​ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា វិធានការដែលក្រសួងដាក់​ចេញនេះគឺក្នុងគោលដៅដើម្បីការពារសុវត្ថិភាពកុំឱ្យឆ្លងទៅអ្នកកំពុងជាប់ឃុំដែលអាចនឹងបង្កបញ្ហាស្មុគ្រស្មាញច្រើន។ តែទោះបីជាយ៉ាងណាក៏ដោយវិធានការក្នុងការ​ផ្អាកចូលសួរទុក្ខ​អ្នកទោសនេះក្រសួងនៅមិនទាន់ធ្វើការសម្រេចនៅឡើយនោះទេ។ សម្តេចក្រឡាហោម​បន្ត​ថា វិធានការនេះអាចនឹងផ្អាកមិនឱ្យ​មានអ្នកចូលទៅសួរសុខទុក្ខអ្នកជាប់ឃុំក្នុងរយៈ​ពេល១៤​ថ្ងៃ ក្នុងស្ថានភាពដែលមានជំងឺកូវីដ-១៩នេះ។ ដោយឡែកក្រសួងក៏កំពុងធ្វើការ​គិតគូផងដែរ​ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសថ្មីៗ ថាតើយើងត្រូវដោះស្រាយទុកដាក់ពួកគេយ៉ាងដូចម្តេច​ដើម្បីឱ្យមានសុវត្ថិភាពកុំឱ្យកើតជំងឺកូវីដ-១៩នេះ។ សម្តេចក្រឡាហោមបានបន្ថែមថា ដើម្បី​ឆ្លើយតប​ទៅនឹងវិធានការទប់​ស្កាត់ជំងឺកូវីដ-១៩នេះដែរ ក្រសួងបង្កើនការគ្រប់គ្រង​ច្រកទ្វារ​អន្តរជាតិ​តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសរបស់កម្ពុជា ដោយសារតែកន្លងទៅជំងឺនេះ​បាន​ចូលមកកម្ពុជាតាមច្រកព្រំដែន ជាពិសេសច្រកផ្លូវអាកាស និងផ្លូវទឹកជាដើម។

សម្តេចក្រឡាហោមបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យ​ធ្វើការផ្អាកជាបណ្តោះអាសន្នចំពោះ​ការធ្វើ​ដំណើររបស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់ប្រទេសវៀតណាម និងពលរដ្ឋវៀតណាម ចូលមក​ប្រទេសកម្ពុជា។ ចំណាត់ការនេះ គឺដោយសារការរកឃើញករណីឆ្លងវីរុសកូវីដ-១៩ មានការ កើនឡើងយ៉ាងគំហុក និងខណៈពេលដែលរដ្ឋាភិបាលវៀតណាមបានដាក់កម្រិតលើការធ្វើ ដំណើរ ដោយតម្រូវឱ្យមានការដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នក​ដំណើរពីប្រទេសសមាជិកអាស៊ានរួមទាំងជនជាតិវៀតណាមដែលវិលត្រឡប់ចូលប្រទេសផងនោះ។

ជាមួយគ្នានេះដែរ ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយប្រជាពលរដ្ឋវៀតណាម និង​ការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស​ទាំងអស់ នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ២៣៖ ៥៩ នាទីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះ ក៏មានគោលបំណងបញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ-១៩៕

ដោយ ចាន់ សុធីវង្ស