ព្រឹទ្ធសភា នឹងដាក់ឱ្យដំណើរសម្រាប់ធ្វើការងារតាមប្រព័ន្ធអនឡាញ ដើម្បីទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានអះអាងថា ព្រឹទ្ធសភា នឹង​ដាក់ឱ្យដំណើរការ សម្រាប់ធ្វើការងាររបស់មន្ត្រីមួយចំនួនតាមបណ្តាញអនឡាញ ដើម្បីទប់​ស្កាត់​ការរីករាលដាលជំងឺកូវីដ-១៩

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានាព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ដោយសារ​ការ​យកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលខិតខំបញ្ចេញព័ត៌មាន ផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ ក៏ដូចជាទូរទស្សន៍នោះ ព្រឹទ្ធសភា​​ នឹងរៀបចំប្រព័ន្ធអនឡាញ ដើម្បីការទប់ស្កាត់ជំងឺកូវីដ-១៩នេះដោយឱ្យមន្ត្រី មួយ​ចំនួនធ្វើការតាមអនឡាញ។ ឯកឧត្ដមបានបន្ដថា ការធ្វើបែបនេះដើម្បីការងារសុវត្ថិភាពដល់​មន្ត្រីព្រឹទ្ធសភា  ក៏ដូចជាសមាជិកសមាជិកព្រឹទ្ធសភា ហើយក្នុងកិច្ចប្រជុំព្រឹកមិញនេះដែរ សម្តេច​វិបុលសេនាភក្តី សាយ ឈុំប្រធាន ព្រឹទ្ធសភាបានស្នើឱ្យអគ្គលេខាធិការព្រឹទ្ធសភា រៀប​ចំ​ប្រព័ន្ធអនឡាញ  ទូរស័ព្ទ ភ្លាមៗឱ្យមន្ត្រីធ្វើការ។ ទន្ទឹមនេះ នៅតាមនាយកដ្ឋាន អគ្គនាយកដ្ឋាន លេខាធិការដ្ឋានត្រូវអនាម័យ ជានិច្ចមុនចូលធ្វើការ ឬប្រជុំ ដោយត្រូវពិនិត្យ​កំដៅ និងលាងដៃនិងសាប៊ូ ឬអាល់កុល។

ឯកឧត្ដមបានលើកឡើងថា បើសិនមានមន្ត្រីណាម្នាក់មានសុខភាពមិនល្អ នោះ​ខាងព្រឹទ្ធសភានឹងធ្វើការទាក់ទងបញ្ជូនទៅឱ្យគ្រូពេទ្យពិនិត្យព្យាបាលភ្លាមៗ។ ឯកឧត្ដមបាន​អះអាងថា គិតរហូតមកដល់ពេលនេះ នៅក្នុងព្រឹទ្ធសភាមិនទាន់មានអ្នកណា​ម្នាក់មានកំដៅ​លើសតាមការកំណត់នោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្ដម ម៉ម ប៊ុននាង បានបញ្ជាក់ឱ្យដឹងទៀតថា ព្រឹទ្ធសភា​នឹងបើក​សម័យប្រជុំវិសាមញ្ញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០២ ក្រោមអធីបតីភាពសម្ដេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៦ រួមមាន ១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូ លាយអាស៊ាន។ ៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រម​លើពិធីសារទីបី ស្តីពី វិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធន​កម្ម​​កិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន។ ៥-ពិនិត្យ និងឱ្យយោបល់លើ​សេចក្តី​ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណា​ចក្រ​កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៦-ពិនិត្យ និងឱ្យយោបល់លើ​សេចក្តី​ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់​ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕

ដោយ ប៊ុនរិទ្ធ