ឯកអគ្គរដ្ឋទូតគុយបា ជឿជាក់លើសមត្ថភាពកម្ពុជា ក្នុងការគ្រប់គ្រងការរាតត្បាត នៃជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ —  លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគុយបាតែងតាំងថ្មី ប្រចាំនៅកម្ពុជា សម្តែងនូវការជឿជាក់ទៅលើ សមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាប្រភេថ្មី (COVID-19) នៅកម្ពុជា។

នៅក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា៖ « ខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចនោះទេ។ ខ្ញុំជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នេះបាន ទោះយ៉ាងណា យើងក៏ចាំបាច់ត្រូវប្រយ័ត្នប្រយែងដែរ។ »

ពាក់ព័ន្ធទៅនឹងបញ្ហា COVID-19 នេះផងដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា នៅប្រទេសគុយបា មានអ្នកឆ្លងជំងឺនេះ ចំនួន១៦នាក់ហើយ ក្នុងនោះជនជាតិគុយបា ចំនួន២នាក់ ក្រៅពីនោះជាជនជាតិបរទេស ហើយមានម្នាក់បានស្លាប់ដោយសារជំងឺនេះ។ លោកជំទាវបានបន្ថែមថា ក្នុងរយ:ពេលកន្លងមកនេះ ស្ថានទូតគុយបានតាមដាន សភាពការណ៏ទូទៅនៃការគ្រប់គ្រង និងវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងបញ្ហា COVID-19 នេះ ដែលជាគំរូដ៏ល្អដែលប្រទេសគុយបា អាចអនុវត្តតាមលើការគ្រប់គ្រង ព្រមជាមួយនឹងវិធានការ ដើម្បីប្រយុទ្ធនឹងការរាលដាលជាដើម។ ដោយសារជំងឺ COVID-19 នេះ ទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសគុយបា ដែលគ្រោងក្នុងខែនេះ ត្រូវបានលើកពេល ដូច្នេះលោកជំទាវសង្ឃឹមថា នៅពេលការឆ្លងរីករាលដាលត្រូវបានបញ្ចប់នោះ ប្រទេសគុយបា នឹងគោរពអញ្ជើញ សម្តេចតេជោ ទៅទស្សនកិច្ចជាផ្លូវការ នៅប្រទេសគុយបា ជាថ្មីម្តងទៀត ក្នុងពេលវេលាដ៏សមស្របណាមួយ។

លោកជំទាវឯកអគ្គរដ្ឋទូតគុយបា ក៏បានកោតសរសើរ ទឹកចិត្តមនុស្សធម៌របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Ms. Westerdam ដែលមានផ្ទុកមនុស្សជាង ២ពាន់នាក់ ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ កាលពីខែកុម្ភ: ឆ្នាំ២០២០ កន្លងទៅ ក្រោយពីមានការបដិសេធមិនឱ្យចូលចត ពីប្រទេសមួយចំនួន ដោយសារតែខ្លាចឆ្លងជំងឺ COVID-19។ នាពេលថ្មីៗនេះ ប្រទេសគុយបា ក៏បានអនុញ្ញាតឱ្យកប៉ាល់អង់គ្លេសមួយចូលចត ដែលនៅលើកប៉ាល់នោះ មានអ្នកផ្ទុកជំងឺ COVID-19 ចំនួន៥នាក់ ហើយដំណើរការប្រព្រឹត្តទៅយ៉ាងល្អ ដោយគុយបាយកគំរូតាមបទពិសោធន៍របស់កម្ពុជា។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-គុយបាវិញ ការប្រារព្ធខួបលើកទី៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយ ត្រូវបានពន្យារពេលទៅថ្ងៃក្រោយវិញ ដោយសារវិបត្តិ នៃជំងឺ COVID-19 ។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងកោតសរសើរចំពោះមិត្តភាពដ៏ល្អ និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាបានថ្លែងអំណរគុណដល់ប្រទេសគុយបា ចំពោះការគាំទ្រក្នុងអតីតកាល ខណៈដែលប្រទេសគុយបា បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា សម្រាប់ការគាំទ្រនាពេលបច្ចុប្បន្ន។

ដោយ ផែន រតនៈ