ក្រុមហ៊ុនផលិតរថយន្ដជប៉ុន បិទរោងចក្រនៅអាមេរិកជាបណ្តោះអាសន្នបង្ការCOVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនផលិតរថយន្ដជប៉ុនមានដូចជា Toyota Honda និង Nissan បានឲ្យដឹងថាខ្លូន នឹងបញ្ឈប់ការផលិតរថយន្តទាំងអស់ក្នុងតំបន់អាមេរិកខាងជើង និងសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន ដើម្បីចូលរួមចំណែកទប់ស្កាត់ ការរាតត្បាតរបស់ជំងឺសកល COVID-19។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃ ទី ២០ ខែ មីនា ឆ្នាំ ២០២០។
សេចក្តីប្រកាសបន្តថា ក្រុមហ៊ុន Toyota នឹងផ្អាកសកម្មភាពផលិតរបស់ខ្លួនទាំងអស់់ ក្នុងតំបន់អាមេរិកខាងជើង ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ។ដោយឡែក ក្រុមហ៊ុន Nissan ថាខ្លួនក៏នឹងបញ្ឈប់ផលិតកម្មរថយន្តទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២០ ខណៈក្រុមហ៊ុន Honda នឹងផ្អាកការផលិតសម្រាប់រយៈពេល ០៦ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនានេះតទៅ។
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកជំងឺ COVID-19 ជា «ជំងឺរាតត្បាតជាសកល» ហើយបានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន១៧៦ នៅទូទាំងសកលលោក។បច្ចុប្បន្ននេះ រដ្ឋទាំង៥០របស់សហរដ្ឋអាមេរិកក៏មានករណីឆ្លងជំងឺ COVID-19 ទាំងអស់ផងដែរ ដោយចំនួនអ្នកឆ្លងជំងឺនេះសរុប១១,២៧៤ករណី ក្នុងនោះអ្នកជំងឺ ១៥៧នាក់បានស្លាប់៕
ប្រភព៖សារព័ត៌មាន CNN