អ្នកនាំពាក្យក្រសួងការងារ៖ ពលករធ្វើការនៅរោងចក្រកូរ៉េ និងថៃមានសុវត្ថិភាពបំផុត

AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល  វិជ្ជាជីវៈបានអះអាងថា ពលករដែលធ្វើការនៅរោងចក្រនៅកូរ៉េ វៀតណាម និងថៃ មានសុវត្ថិ​ភាព​ល្អ ព្រោះគេមិនបានធ្វើទំនាក់ទំនងទៅកាន់មជ្ឈដ្ឋានខាងក្រៅច្រើន ក្រៅពីមិត្តភក្តិរួមការ​ងារ និងអ្នកផ្ទះ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP តាមរយៈប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ហេង សួរ បានគូសបញ្ជាក់ថា នៅក្នុងប្រទេសថៃ​គេមិន​បាន​បិទរោងចក្រនោះទេ ប៉ុន្តែគេបិទភោជនីយដ្ឋាន  ក្លឹបកម្សាន្ដ ឬសាកលវិទ្យាល័យ​ដោយ​សារអ្នកដែលបម្រើការងារនៅទីនោះ ពួកគាត់ជួបជាមួយអតិថិជនប្លែកៗ បើជានិស្សិត គាត់​ជួប​​​មិត្តភក្តិផ្សេងៗ ហើយពេលចេញពីរៀន គាត់ចេញទៅធ្វើការនៅកន្លែងផ្សេងៗ ដែលធ្វើ​ឱ្យគាត់ប្រឈមនឹងហានិភ័យ។ ឯកឧត្ដមបានថ្លែងថា “ផ្ទុយទៅវិញ រោងចក្រនៅវៀតណាម កូរ៉េ នៅពេលជួបវិបត្តិនឹងជំងឺកូវីដ-១៩នេះ គឺជាមនុស្សដែលមានសុវត្ថិភាពបំផុត។ ដោយសារ គាត់ធ្វើការជាមួយមិត្តភក្តិ សហការរីករបស់គាត់ គាត់មិនមួយមនុស្សចម្លែកទេ ជួបតែមិត្ត​ភក្តិរបស់គាត់ ជួបសមាជិកគ្រួសារ ឬអ្នកស្នាក់នៅក្នុងបន្ទាន់ជាមួយគ្នា អីចឹងហានិភ័យអ្នក​ទាំង​នេះមានតិច បើតាមការវាយតម្លៃរបស់ក្រុមវេជ្ជសាស្ត្ររបស់ថៃ កូរ៉េ និងវៀតណាម។”

ឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងថា បើគេបិទភោជនីយដ្ឋាន ក្លឹបកម្សាន្ត តែគេ​មិនបិទរោងចក្រនោះទេ ដោយសាររោងចក្រមិនបម្រើសេវាដល់អតិថិជននោះទេ ពីព្រោះ​កម្មករ គាត់ធ្វើការងារតែជាមួយសហការី ហើយជួបមុខតែគ្រួសារគាត់ទេ ដែលអត់មាន​លទ្ធភាពខាងក្រៅណាមកចម្លងគាត់ទេ។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា កត្ដាទាំងនេះវាជា លក្ខណៈពិសេសដែលក្រុមវេជ្ជសាស្ត្រវាយតម្លៃថាតំបន់ណាដែលមានសុវត្ថិភាពបន្តឱ្យបើក ប៉ុន្តែវិស័យណាដែលមានហានិភ័យ ជួបជាមួយមនុស្សច្រើន គឺត្រូវតែបិទ។

ឯកឧត្ដមបានបន្ថែមថា ចំពោះកន្លែងដែលធ្វើការជាមួយមនុស្សដដែល  គឺរក្សាទុកឱ្យ​នៅដដែល ហើយការទុកនោះគឺដើម្បីរក្សាសុវត្ថិភាពបងប្អូនកម្មករទាំងអស់ ហើយ  បើបញ្ឈប់​កម្មករនោះបងប្អូននឹងធ្វើការទៅកាន់កន្លែងផ្សេងៗ ដែលជាហេតុនាំឱ្យមានការឆ្លងជំងឺវិញ។

ឯកឧត្ដម ហេង សួរ ក៏បានថ្លែងបញ្ជាក់ដែរថា ប្រទេសថៃបានប្រកាសមិនធ្វើបុណ្យ​ចូលឆ្នាំនោះទេ ដោយសារតែថា បើធ្វើហើយឈប់ថ្ងៃចូលឆ្នាំនោះ​មនុស្សនឹងធ្វើការចល័ត​ពេញប្រទេសថៃ​ ហើយអ្នកទាំងអស់នោះអាចមិនមានសុវត្ថិភាព ក្នុងពេល​ធ្វើដំណើរទៅស្រុក ដែលអាច​នឹងជួបអ្នកធ្វើដំណើរដែលមានហានិភ័យក្នុងការឆ្លងមេរោគទៅវិញ៕

ដោយ ប៊ុនរិទ្ធ