អភិបាលខេត្តរតនគិរី ទទួលជួបសម្ដែងការគួរសម ជាមួយអគ្គកុងស៊ុល​ឡាវប្រចាំខេត្តស្ទឹងត្រែង 

AKP រតនគិរី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានទទួលជួបជាមួយ ឯកឧត្តម Vilavong Virravong អគ្គកុងស៊ុលឡាវ​ប្រចាំខេត្តស្ទឹងត្រែង​ ក្នុងការសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិអគ្គកុងស៊ុលប្រចាំនៅខេត្ដស្ទឹងត្រែងក្នុងប្រទេសកម្ពុជា។ ជំនួបនេះ បានធ្វើឡើង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម Vilavong Virravong បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំរបស់ អភិបាលខេត្ដរតនគិរី ដែលដឹកនាំឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបានអរគុណ​យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ខេត្តរតនគិរី ព្រមទាំងសហការីដែលរយៈពេលជាង០៤ឆ្នាំ​ក្នុងអាណត្តិរបស់ឯកឧត្តម ដែលមានការសហការល្អ និងការជួយជ្រោមជ្រែងការងារ​រហូត​ទទួលបានជោគជ័យ ពីថ្នាក់ដឹកនាំខេត្តរតនគិរី គ្រប់លំដាប់ថ្នាក់។ ឯកឧត្ដមអគ្គកុងស៊ុលបាន​លើកឡើងថា ទោះបីបានបញ្ចប់បេសកកម្មទៅវិញក្តីតែឯកឧត្តមចងចាំជានិច្ច ចំពោះទំនាក់​ទំនងល្អ ការសាមគ្គីភាពល្អរវាងខេត្តជាប់ព្រំប្រទល់ និងក្នុងតំបន់តែមួយ ហើយជឿជាក់ថា​ការដឹកនាំរបស់អភិបាលខេត្តនឹងបន្តលើកកម្ពស់ទំនាក់ទំនងលើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច វប្បធម៌ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង០៤ឆ្នាំកន្លងមក ឯកឧត្តមអគ្គកុងស៊ុលឡាវ មានកិច្ចសហការល្អប្រសើរ ហើយទោះបីជាឯកឧត្តមបញ្ចប់អាណត្តិក្តី តែយើងនឹងបន្តប្រពៃណី​ទំនាក់ទំនងជាមួយថ្នាក់​ដឹកនាំផ្សេងទៀតឱ្យកាន់តែប្រសើរឡើង។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្ដមអភិបាលខេត្ដក៏​សូមថ្លែងអំណរគុណចំពោះកិច្ចសហការ សម្របសម្រួលរបស់អគ្គកុលស៊ុលឡាវ ដើម្បីឱ្យ​កិច្ចសហការរវាងខេត្តនិងខេត្តទទួលបានជោគជ័យ ពិសេសក្នុងគោលដៅដើម្បីឱ្យខេត្តជាប់​ព្រំប្រទល់មានការលើកកម្ពស់សេដ្ឋកិច្ចប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្ដមអភិបាល​ខេត្ដ​បានបញ្ជាក់ថា តាមរយៈទំនាក់ទំនងនេះ ភាគីទាំងពីរនឹងបន្តអប់រំផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋ​យើងឱ្យមានការគោរពច្បាប់ អធិបតេយ្យភាពប្រទេសរៀងៗខ្លួន រួមនឹងការការថែរក្សាប្រពៃ​ណី​​ទំនៀមទំលាប់ឱ្យបានស្ថិតថេរគង់វង្ស ព្រមទាំងសហការគ្នាលើកកម្ពស់ គោរពច្បាប់ និង​ខឿនការពារជាតិដោយមិនអនុញ្ញាតឱ្យក្រុមណាមួយយកទឹកដីខ្លួនប្រឆាំងនឹងប្រទេសផ្សេង បានឡើយ។ ឯកឧត្តម​អភិបាលខត្តបន្ដថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងមានវិធាន​ការ​ទប់​​ស្កាត់ការរីករាលដាលនៃជំងឺcovid-19 នៅក្នុងប្រទេសរៀងៗខ្លួន ហើយនេះគឺជា​បញ្ហារួម​របស់ប្រទេសក្នុងតំបន់ ក្នុងគោលដៅរក្សាបាននូវសុវត្ថិភាពសង្គម ដើម្បីរក្សាឱ្យ​បាននូវការរីក​ចម្រើន​នៃសេដ្ឋកិច្ចជាតិ។

ឯកឧត្ដមបានបន្ថែមថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំជំរុញ​ខេត្ត​ជាប់ព្រំដែនធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយជំរុញការពិនិត្យបើកជាច្រកទ្វារបង្កើនការអភិវឌ្ឍ​ផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងបន្ថែមទៀត រវាងខេត្តជាប់ព្រំដែន៕

​ដោយ ណយ នឿន (ប្រភព៖​រដ្ឋបាលខេត្តរតនគិរី)