អ៊ីតាលីមានចំនួនអ្នកស្លាប់ដោយ COVID-19 ចំនួន៣៤០៥នាក់ច្រើនជាងប្រទេសចិនទៅទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសអ៊ីតាលីបានរាយការណ៍ថា មានអ្នកជំងឺ COVID-19 ចំនួន៤២៧នាក់ទៀតបានបាត់បង់ជីវិតក្នុងរយៈពេលតែមួយថ្ងៃតែប៉ុណ្ណោះ។ នេះជាអត្រាខ្ពស់បំផុតបានរុញច្រានអោយអ៊ីតាលីក្លាយជាប្រទេសមានអ្នកស្លាប់ដោយ COVID-19 កើនឡើងដល់ ៣,៤០៥នាក់ច្រើនជាងប្រទេសចិនដែលជាកន្លែងផ្ទុះជំងឺរាតត្បាយសកលនេះទៅទៀត ខណៈប្រទេសចិនមានអ្នកស្លាប់តែ ៣,២៤៥នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ២០ ខែ មីនា ឆ្នាំ ២០២០។
អាជ្ញាធរសុខាភិបាលអ៊ីតាលីបានឲ្យដឹងទៀតថា គិតមកដល់ត្រឹមថ្ងៃព្រហស្បត្តិ៍ម្សិលមិញមានករណីឆ្លងថ្មីចំនួន ៥,៣២២ករណី នាំឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៤១,០៣៥នាក់ ខណៈប្រទេសចិនមានចំនួនអ្នកឆ្លងសរុប៨០,៩២៦ករណីក្នុងនោះអ្នកស្លាប់មានចំនួន៣២៤៥នាក់។
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជំងឺ COVID-19 ជា «ជំងឺរាតត្បាតជាសកល» ហើយបានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន១៧៦ នៅទូទាំងសកលលោក៕
ប្រភព៖សារព័ត៌មាន Channel News Asia