រដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងចាត់វិធានការ និងផ្សព្វផ្សាយស្តីពីការប្រយុទ្ធនឹងជំងឺcovid-19

AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មានកម្ពុជា AKP ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះថា បច្ចុប្បន្នរដ្ឋបាលប​ខេត្ត បាននិងកំពុងជំរុញឱ្យប្រជាពលរដ្ឋ ក៏ដូចអ្នកដែលពាក់ព័ន្ធទាំងអស់​នៅទូទាំងខេត្ត​កំពង់ស្ពឺចូលរួមទប់ស្កាត់ និងការបង្ការជំងឺCOVID-19 ដែលកំពុងរាតត្បាតពាសពេញពិភព​លោក ខណៈនៅខេត្តកំពង់ស្ពឺមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺនេះនៅឡើយ។

ឯកឧត្តមបានបញ្ជាក់ថា ចំពោះបញ្ហាជំងឺវីរុសថ្មីcovid-19 ដែលកំពុងមាននៅក្នុង​ប្រទេស​កម្ពុជាយើងនាពេលនេះគឺមិនមែនកើតឡើងនៅក្នុងសហគមន៍​នោះទេគឺការកើត​ឡើងដោយការនាំចូល ពីក្រៅប្រទេសមកកម្ពុជាតែប៉ុណ្ណោះ។ ដោយឡែកមិនទាន់មានករណី​រកឃើញការឆ្លង ប្រជាពលរដ្ឋនៅក្នុងសហគមន៍នៅឡើយនោះទេ។ ឯកឧត្ដមអភិបាលខេត្ដ​បាន​បន្ដថា ចំពោះបញ្ហានេះ រដ្ឋបាលខេត្ដបានជំរុញឱ្យមន្ទីរ អង្គភាពនានា ជុំវិញខេត្ត កងកម្លាំង​ប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់រួមគ្នា ធ្វើអនាម័យខ្លួនប្រាណ ដោយលាងដៃ​ជាមួយសាប៊ូ ឬទឹកអាកុលឱ្យបានជាប្រចាំ ដើម្បីរួមចំណែកមិនឱ្យមានការឆ្លង ជំងឺវីរុសថ្មី covid-19 មកលើខ្លួនយើង ដោយមិនត្រូវពឹងផ្អែកមកលើមន្ទីរពេទ្យទាំងស្រុងនោះទេ។ ឯកឧត្ដម​បានបន្ថែមថា ចំពោះការរិយាល័យនៅតាមមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់​ត្រូវ​រៀបចំឱ្យមានទឹកអាកុល សាប៊ូដែលសម្លាប់មេរោគផ្សេងៗ សម្រាប់បុគ្គលិកលាងសម្អាតដៃ មុនពេលចូលធ្វើការ នៅតាមកន្លែងធ្វើការរៀងៗខ្លួន ប្រសិនបើមានករណីបុគ្គលិកណាមួយ មានភាពមិនប្រក្រតីកំដៅឡើងលើសពីធម្មតាត្រូវឱ្យគាត់ទៅមណ្ឌលសុខភាព ជាបន្ទាន់​ដើម្បី​ពិនិត្យនិងពិគ្រោះយោបល់ជាមួយពេទ្យ ដើម្បីទប់ស្កាត់និងព្យាបាលឱ្យបានទាន់ពេលវេលា​និងមិនឱ្យមានការឆ្លងដល់អ្នកដទៃបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចែក​ចាយព័ត៌មានពាក់ព័ន្ធនឹងជំងឺcovid-19 សូមកុំបំពុលសង្គម ត្រូវធ្វើអ្វីយោងទៅលើ សេចក្តី​ប្រកាសរបស់ក្រសួងសុខាភិបាល ជាមុនសិន ចៀសវាងការផ្សាយព័ត៌មាន មិនពិតអាច​ប្រឈមចំពោះមុខច្បាប់៕

ដោយ លឹម សាន្ត