កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសវៀតណាមត្រូវបានពន្យារពេលរហូតដល់ចុងខែមិថុនាដោយសារCOVID-19

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ឈុន​ លាង​៖

ក្រសួងការបរទេសវៀតណាមបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា  កិច្ចប្រជុំកំពូលអាស៊ាន និងមេដឹកនាំអន្តរជាតិដទៃទៀតដែលគ្រោងធ្វើនៅប្រទេសវៀតណាម ត្រូវបានពន្យារពេលរហូតដល់ចុងខែមិថុនាដោយសារមានការព្រួយបារម្ភអំពីជំងឺ COVID-19 ខណៈនៅទូទាំងប្រទេសមានករណីឆ្លងសរុបចំនួន៧៦ករណី។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី ១៩ ខែ មីនា ឆ្នាំ ២០២០។

ក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា លោក ង្វៀន សួន ហ្វុក (Nguyen Xuan Phuc)​ នាយករដ្ឋមន្រ្តីវៀតណាមបានជូនដំណឹងពីការពន្យារពេលនៃកិច្ចប្រជុំកំពូលនេះដល់បណ្តាមេដឹកនាំនៃប្រទេសជាសមាជិកទាំងអស់រួចរាល់ហើយដែរ។សេចក្តីសម្រេចនេះបានធ្វើឡើងបន្ទាប់ពីប្រទេសវៀតណាមដែលត្រូវជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសម្រាប់ឆ្នាំនេះ បានប្រកាសនៅថ្ងៃទី ១៧ ខែមីនាថា ខ្លួននឹងបញ្ឈប់ការចេញទិដ្ឋការសម្រាប់ជនជាតិបរទេសទាំងអស់ ដែលជាការចាត់វិធានការក្តៅបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺសកល COVID-19។ទោះជាបែបនេះក្តី វិធានការផ្អាកទិដ្ឋាការខាងលើនេះ នឹងមិនត្រូវអនុវត្តចំពោះមន្ត្រីទូត ឬភ្ញៀវផ្លូវការមកកាន់វៀតណាមនោះទេ ប៉ុន្តែត្រូវតែទទួលការពិនិត្យសុខភាព ស្របតាមបទដ្ឋាននៃអង្គការសុខភាព WHO ជាមុនសិន។

សូមបញ្ជាក់ថា​ កិច្ចប្រជុំកំពូលលើកទី ៣៦ នៃសមាជិកអាស៊ានទាំង ១០ ត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៦-៩ ខែមេសានៅប្រទេសវៀតណាមដែលជាប្រធានអាស៊ាននៅឆ្នាំនេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន Reuters