​អង្គ​ការ​ WWF សម្ដែងការសាទរចំពោះ​ការ​សម្រេច​ចិត្ត​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​ផ្អាក​គម្រោង​អភិវឌ្ឍ​ន៍វារី​អគ្គិសនី​កាត់​ទន្លេ​មេគង្គ​

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ — អង្គការ​ WWF សម្ដែងការអបអរសាទរ និងសូម​កោត​សរសើរដល់ការសម្រេចរបស់​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​បាន​ផ្អាក​​គម្រោង​អភិវឌ្ឍ​ន៍ទំនប់​វារី​អគ្គិសនី​ ហើយ​​ងាកទៅ​ស្វែង​​រក​ប្រភព​ថាម​ពល​ដទៃ​ទៀត​ដូច​ជា​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថាម​ពល​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការ WWF ចេញផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

ការចេញសេចក្ដីថ្លែងការណ៍របស់អង្គការ​ WWF នេះ ធ្វើឡើងបន្ទាប់ ឯក​ឧត្តម​ វិចទ័រ ហ្សូ​ណា អគ្គ​នាយក​នៃ​នាយកដ្ឋាន​ថាម​ពល​ នៃ​ក្រសួង​រ៉ែ​ និង​ថាម​ពល​បាន​បញ្ជាក់​ប្រាប់​អង្គ​ការ WWF តាម​រយៈ​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ​ថា ផែន​ការ​មេ​សម្រាប់​វិស័យ​ថាម​ពល​រយៈ​ពេល​ ១០ ឆ្នាំ (២០២០-២០៣០) របស់​កម្ពុជា​ដែល​បាន​អនុម័ត​ថ្មី​ៗ​នេះ​ គ្មាន​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ទន្លេ​មេគង្គ​ទេ​។

លោក​ សេង ទៀក នាយក​អង្គ​ការ​ WWF-កម្ពុជា​បានលើកឡើងថា ការ​រក្សា​ទន្លេ​មេគង្គ​ក្រោម​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​នៅ​តែ​មាន​លំហូរ​តាម​បែប​ធម្មជាតិ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ និង​ធម្មជាតិ​ ហើយ​អង្គ​ការ​ WWF​ ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​ជាមួយ​រាជ​រដ្ឋា​ភិបាល​ ក្នុង​ការ​គាំ​ទ្រ​ការ​អភិវឌ្ឍ​ផែនការ​ថាម​ពល​ប្រកប​ដោយ​និរន្តរភាព​ដែល​មាន​លក្ខ​ណៈ​ជា​ប្រព័ន្ធ​​។ លោកបានបន្ដថា ការផ្តោត​លើ​​ជម្រើស​ថាម​ពល​កកើត​ឡើង​វិញ​ដែល​មិន​ប៉ះ​ពាល់​បរិស្ថាន​ ហើយ​ចូល​រួម​ចំណែក​សម្រេច​​គោល​ដៅ​ថាម​ពល​របស់​ប្រទេស​កម្ពុជា ដោយ​មិន​ចាំ​បាច់​ធ្វើ​ទំនប់កាត់​​ទន្លេ​ដែល​កំពុង​ហូរ​តាម​បែប​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ឡើយ​។

ជាមួយគ្នានេះ លោក​ ម៉ាក ហ្គ័រ​ហ្សូ (Marc Goichot) ប្រធាន​កម្មវិធី​​ទឹក​សាប​ នៃ​អង្គ​ការ WWF ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិកបានគូសបញ្ជាក់ថា “ការ​ពន្យា​ពេល​ ១០ ឆ្នាំ​ ក្នុង​ការ​ផ្អាក​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​នានា​កាត់​​ទន្លេ​មេ​គង្គ​ ដែល​បាន​ប្រកាស​ដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ គឺ​ជា​ដំណឹង​ល្អ​បំផុត​សម្រាប់​អនាគត​មនុស្ស​រាប់​លាន​នាក់​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ និង​ជីវៈ​ចម្រុះ​ដ៏អស្ចារ្យ​ដែល​ពឹង​អាស្រ័យ​នឹង​ទន្លេ​នេះ​​ ជា​ពិសេស​គឺ​សម្រាប់​សត្វ​ផ្សោតមេគង្គ​​ (Irrawaddy dolphin) ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រភេទ​សត្វ​ទឹក​សាប​សំខាន់​ជា​សកល​​”។

លោកបានបន្ថែមថា បើតាមវិទ្យា​សាស្ត្រ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ទំនប់​វារី​អគ្គិសនី​អាច​ធ្វើ​ឱ្យ​ធ្លាក់​ចុះនូវ​​ប្រភេទ​ត្រី​ជា​ច្រើន​ ព្រម​ទាំង​រាំង​ស្ទះ​លំហូរ​ដី​​ល្បាប់​ ដែល​អាច​នឹងពន្លឿន​ការ​ជន់លិច និង​ការ​រួម​តូច​ នៃ​ដី​សណ្តរ​ និង​គម្រាម​កំហែង​ដល់​ទិន្ន​ផលក​​ស្រូវ​ជាច្រើន​កន្លែង​​​ សហគមន៍​នេសាទ​ និង​និរន្តរភាព​សេដ្ឋ​កិច្ច​ នៃ​ប្រទេស​វៀត​ណាម​។ លោកបានថ្លែងថា “ការ​សម្រេច​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ​របស់​ប្រទេស​កម្ពុជា​គឺ​ជា​ឧទាហរណ៍គំរូសម្រាប់​ប្រទេស​ដទៃ​ទៀត​ ឱ្យ​ទទួល​ស្គាល់​ថា​ទន្លេ​ដែល​មាន​លំហូរ​តាម​ធម្មជាតិ​ផ្តល់​អត្ថប្រយោជន៍​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​មនុស្ស​ និង​ប្រភេទ​សត្វ​ជា​ច្រើន​រាប់​មិន​អស់ ដែល​ពឹង​អាស្រ័យ​លើ​ទន្លេ​នេះ​​”៕

ដោយ រិទ្ធី