មន្រ្តីជាន់ខ្ពស់ក្រសួងផែនការអះអាងថា ក្រសួងពន្យាពេលប្រកាសលទ្ធផលផ្លូវការជំរឿន​ទូទៅ​ប្រជាជនឆ្នាំ២០១៩ ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ — លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានស្ថិតិ នៃ​ក្រសួងផែនការបានអះអាងថា ក្រសួងផែនការ នឹងពន្យាពេលប្រកាសលទ្ធផលផ្លូវការ នៃ​ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩ ដូចដែលអ្វី ដែលយើងទាំងអស់គ្នាបានដឹងនាពេលបច្ចុប្បន្ននេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងផែនការ” កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ ហង់ លីណា បានគូសបញ្ជាក់ថា ការពន្យាពេលប្រកាសនេះគឺដោយសារកង្វះមន្រ្តីធ្វើការងារនេះ ដោយ​សារ​តែបញ្ហាជំងឺកូវីដ-១៩។ លោកជំទាវបានបន្ដថា មន្រ្តីដែលធ្វើការនេះមួយចំនួនគឺជា​មន្រ្តី​រាជការរបស់ក្រសួង ហើយមួយចំនួនទៀតគឺជានិស្សិត។ លោកជំទាវបន្តទៀតថា ដូច្នេះនៅ​ពេលនេះ​ក្រសួងអប់រំ បានផ្អាកការសិក្សាបណ្ដោះអាសន្ន ធ្វើឱ្យពួកគេត្រឡប់ទៅស្រុក​កំណើត​ឈប់មកបំពេញការងារបណ្ដោះអាសន្នដូចគ្នា។ ដោយឡែកចំពោះ​មន្រ្តីរបស់យើង​វិញ គឺនៅកន្លែងធ្វើការមន្ដ្រីទាំងអស់ត្រូវប្រមូលផ្ដុំគ្នាច្រើន ប្រហែលជាង១០០នាក់។ ដូច្នេះ​ហើយ​ដើម្បីទប់ស្កាត់ការឆ្លង ពួកគាត់ត្រូវបង្ខំចិត្តផ្អាកមកធ្វើការបណ្ដោះអាសន្ន។

លោកជំទាវប្រតិភូបានបញ្ជាក់ទៀតថា សម្រាប់ពេលកំណត់ណាមួយ នៃការប្រកាស​លទ្ធផលផ្លូវការនេះ ក្រសួងមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយរង់ចាំមើលការ​ស្ងប់​ស្ងាត់ទៅវិញ នៃវីរុសកូវីដ-១៩ ទើបមន្ដ្រី និងបុគ្គលផ្នែកជំរឿនវិលត្រឡប់ចូល ធ្វើការវិញដូច ធម្មតា។

សូមបញ្ជាក់ថា តាមការគ្រោងទុក នាពេលកន្លងទៅ លទ្ធផលផ្លូវការ នៃការធ្វើជំរឿន ទូទៅប្រជាជនឆ្នាំ២០១៩ នឹងត្រូវបង្ហាញជាផ្លូវការ នៅខែកក្កដា ឆ្នាំ២០២០ ក្រោយបិទបញ្ចប់ ទាំងស្រុង៕

ដោយ ចាន់ សុធីវង្ស