គិតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតតូច នៅកម្ពុជាបានជាង ៦០០គម្រោងមកហើយ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ — គិតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានអនុវត្តន៍គម្រោងគូសាណូណិនៅកម្ពុជា បាន ប្រមាណជាង៦០០គម្រោងមកហើយ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើក កម្ពស់ ការអប់រំនៅកម្រិតមូលដ្ឋាន សុខាភិបាលកម្រិតមូលដ្ឋាន កសិកម្ម រួមចំណែកលើក កម្ពស់ជីវភាពរស់នៅប្រជាជននៅកម្ពុជា។ នេះបើតាមប្រសាសន៍ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងក្នុងពិធីចុះហត្ថ លេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិជប៉ុន) នាព្រឹកថ្ងៃទី១៩ ខែមីនានេះនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ឯកឧត្តម Mikami Masahiro  បានបន្តថា ការចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥត សំណងក្រោមគម្រោ​ងទ្រង់​ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិជប៉ុន) សរុបទឹកប្រាក់ ៣៩៨.១១៣ដុល្លារអាម៉េរិកជាបន្តទៀត សម្រាប់ការសាងសង់អគារសិក្សា និងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា។ ក្នុងនោះជំនួយថវិកាចំនួន ៩០.១២៨ដុល្លារ ផ្តល់ឱ្យសម្រាប់ គម្រោងសាងសង់អគារសិក្សា១ខ្នង មាន៥បន្ទប់ និងបន្ទប់ទឹកចំនួន៤ នៅសាលាបឋម សិក្សាក្រូចក្នុងស្រុកអូរជុំខេត្តរតនគិរី។ ជំនួយថវិកាចំនួន ៩៨.១០០ដុល្លារ ផ្តល់សម្រាប់ គម្រោងសាងសង់អគារសិក្សាតាមស្តង់ដារដូចគ្នានៅសាលាបឋមសិក្សាបុកទឹកក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ។ ជំនួយថវិកា១០៦.​០០០​ដុល្លារ ផ្តល់សម្រាប់គម្រោងសាងសង់ អគារសិក្សានៅសាលាបឋមសិក្សាមេម៉ង់ខេត្តមណ្ឌលគិរី និងជំនួយជាថវិកាចំនួន ១០៣,​៨៨៥​ដុល្លារអាម៉េរិក ផ្តល់សម្រាប់គម្រោងសាង់សង់ប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងភូមិរាំងខ្វាវ ខេត្តពោធិ៍សាត់ ដើម្បីធានាឱ្យប្រជាជនក្នុងតំបន់ប្រមាណ៩០០នាក់ អាចទទួលបានទឹកស្អាត និងអនាម័យយ៉ាងងាយស្រួល ព្រមទាំងកែលម្អជីវភាពរស់នៅកាន់តែប្រសើរថែមទៀត។

ឯកឧត្តមឯកអគ្គរាជទូតរំពឹងថា គម្រោងជំនួយរបស់រដ្ឋាភិបាលជប៉ុនទាំងអស់នេះ ពិតជានឹងទទួលបានផលប្រយោ​ជន៍សម្រាប់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា “ជំនួយគូសាណូណិរបស់ជប៉ុន” គឺជាគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន សម្រា​ប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ គម្រោងនេះមានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦០លាន ដុល្លារអាម៉េរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តន៍ គម្រោងគូសាណូណិនេះចំនួន ៦២៤គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

ដោយ ប៉ាល់ សុង