រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធផ្អាកជាបណ្តោះអាសន្នចំពោះការធ្វើដំណើរ របស់ពលរដ្ឋកម្ពុជា និងវៀតណាម ចូលប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យធ្វើការផ្អាកជាបណ្តោះអាសន្នចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់ប្រទេសវៀតណាម និងពលរដ្ឋវៀតណាមចូលមកប្រទេសកម្ពុជា។ ការ​ដាក់ចេញនូវចំណាត់ការនេះ គឺដោយសារការរកឃើញករណីឆ្លងវីរុសកូវីដ-១៩ មានការកើន​ឡើងយ៉ាងគំហុក ខណៈពេលដែលរដ្ឋាភិបាលវៀតណាមបានដាក់កម្រិតលើការធ្វើដំណើរ ដោយតម្រូវឱ្យមានការដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរ​មក​ពីប្រទេសសមាជិកអាស៊ាន រួមទាំងជនជាតិវៀតណាមដែលវិលត្រឡប់ចូលប្រទេសផងដែរ ។

ក្នុងលិខិតចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយសម្តេចក្រឡា​ហោម ស ខេង បានគូសបញ្ជាក់ថា ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយ​ប្រជាពលរដ្ឋ​វៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ២៣៖ ៥៩ នាទីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០។ សម្ដេចក្រឡាហោមបានលើកឡើងថា វិធានការនេះ​មានគោល​បំណង​បញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្តេចក្រឡាហោមបានបន្ដថា វិធាន​ការខាងលើនេះ មិនត្រូវបានអនុវត្តន៍ចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋ​កម្ពុជាដែលកាន់​លិខិតឆ្លងដែនការទូត និងផ្លូវការទេ។ ដោយឡែក អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយ​ប្រទេស​វៀត​ណាម ត្រូវធ្វើការសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីជួយសម្រួលដល់​ការធ្វើ​មាតុភូមិនិវត្តន៍មកកម្ពុជាវិញនូវពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងត្រូវបានដាក់ឱ្យនៅដាច់ពី​គេក្នុង​ប្រទេសវៀតណាម ប្រសិនបើមាន។

ជាមួយគ្នានេះ សម្តេចក្រឡាហោមក៏បានណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែន ជាមួយ​ប្រទេសវៀតណាម និងកម្លាំងមានសមត្ថកិច្ចតាមច្រកទ្វារព្រំដែនទាំងអស់ ត្រូវសហការ​សម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីធានាថា ការដឹកទំនិញឆ្លងកាត់ព្រំដែនរួម អាច​អនុវត្តន៍​ដោយគ្មានការរាំងស្ទះ។ ទន្ទឹមនេះដែរ អាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយប្រទេស​វៀតណាម ត្រូវធ្វើការជម្រាបជូនភាគីវៀតណាម អំពីវិធានការខាងលើនេះ និងស្នើសុំការ​យោគយល់ ហើយត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្រឹងប្រែងរួមគ្នាក្នុងការបញ្ឈប់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ៕

ដោយ ចាន់ សុធីវង្ស