សមាជិកសភាអាមេរិកពីររូបមានផ្ទុកជំងឺ COVID-19

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ឈុន​ លាង​៖

អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបានធ្វើតេស្តរកឃើញ សមាជិកសភាអាមេរិកពីររូបមានផ្ទុកជំងឺ COVID-19 ដែលម្នាក់ជាសមាជិកសភាតំណាងរាស្ត្រមកពីររដ្ឋផ្លូវរីដា (Florida)គឺ លោក ម៉ារីអូន ដាយ៉ាស បាឡាត (Mario Diaz-Balart) និងម្នាក់ទៀត គឺលោក ប៊ិន ម៉ាកអាដាមស៍ (Ben McAdams) មកពីរដ្ឋយូតាហ៍ (Utah)។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បត្តិ៍ ទី ១៩ ខែ មីនា ឆ្នាំ ២០២០។
យោងតាមប្រភពមកពីការិយាល័យរបស់លោក Diaz-Balart បានឲ្យដឹងថា បច្ចុប្បន្នសមាជិកសភាតំណាងរាស្ត្រ នៃគណបក្សសាធារណរដ្ឋរូបនេះ កំពុងទទួលការព្យាបាលដាច់ដោយឡែកពីគេ ដោយស្ថិតក្នុងស្ថានភាពសុខភាពជាប្រក្រតី ខណៈលោក Ben McAdams ជាសមាជិកសភាតំណាងរាស្ត្រនៃរដ្ឋ Utah មកពីគណបក្សប្រជាធិបតេយ្យ ក៏បានប្រកាសថា មានផ្ទុកជំងឺ COVID-19 ផងដែរ ហើយបានជំរុញឲ្យពលរដ្ឋអាមេរិកទាំងអស់ត្រូវអនុវត្តតាមការ ណែនាំរបស់មជ្ឈមណ្ឌលអាមេរិក សម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC ដើម្បីបង្ការការរីករាលដាលនៃជំងឺរាត្បាតជាសកលនេះ។
មជ្ឈមណ្ឌលអាមេរិក សម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លងបានអះអាងថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ៧,១១១ករណីហើយ និង១១៧នាក់បានស្លាប់ខណៈរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19៕
ប្រភព៖ សារព័ត៌មាន Channel News Asia