អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ការធ្វើវិភាគសំណាក ដើម្បីស្វែងរកជំងឺកូវីដ១៩ ពុំមែនចេះតែចង់ធ្វើ តាមចិត្តចង់នោះទេ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ — លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបកស្រាយអំពីករណីដែលមានប្រជាពលរដ្ឋមួយចំនួន បានស្វះស្វែងរកការវិភាគសំណាកស្វែងរកជំងឺកូវីដ១៩ ហើយត្រូវបានបដិសេធដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាគឺជាករណីដែលពុំបានចូលទៅក្នុងនិយមន័យនៃជំងឺកូវីដ១៩។

លោកជំទាវវេជ្ជបណ្ឌិត បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះថា “ករណីដែលប្រជាពលរដ្ឋមួយចំនួនខ្លះទាមទាចង់វិភាគស្វែងរកកូវីដ១៩នោះ គឺពុំមែនជាករណីដែលសាម៉ីខ្លួនចង់ឬមិនចង់នោះ គឺទាល់តែមានការពិនិត្យ និងវិភាគថា ប្រជាពលរដ្ឋទាំងនោះ មានសញ្ញាណាមួយដែលចូលទៅក្នុងនិយមន័យ នៃជំងឺកូវីដ១៩ឬទេ ម្យ៉ាងវិញទៀត សាម៉ីខ្លួនត្រូវទៅជួបក្រុមគ្រូពេទ្យជាមុនសិន ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យ ហើយក្នុងករណីដែលរកឃើញមានការសង្ស័យ ដូចជាការធ្លាប់ធ្វើដំណើរទៅទីតាំងដែលមានការរាតត្បាតវីរុសនេះ ឬ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកដែលវិជ្ជមានកូវីដ១៩ ទើបក្រុមគ្រូពេទ្យ ត្រូវយកវត្ថុសំណាកដើម្បីយកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយករណីខ្លះដូចជាប្រជាពលរដ្ឋនោះ ស្វែងរកការទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រដោយខ្លួនឯង ក៏ពុំត្រូវអនុញ្ញាតពីវិទ្យាស្ថានផងដែរ ពីព្រោះនេះគឺខុសនីតិវិធីសុខាភិបាលទាំងស្រុង។”

លោកជំទាវវេជ្ជបណ្ឌិតក៏បានអះអាងផងដែរថា ប្រជាពលរដ្ឋមួយចំនួនខ្លះ មានករណីត្រឹមជាគ្រុនផ្តាសាយធម្មតា ឬក៏មានជំងឺរលាកបំពង់់កជាដើម ដូច្នេះក្រុមគ្រូពេទ្យនឹងធ្វើការព្យាបាល ឬចេញវេជ្ជបញ្ជាឱ្យ ហើយត្រូវតាមដានស្ថានភាពជំងឺដោយខ្លួនឯងសិន ក្នុងករណីពុំធូរស្រាលនោះ ទើបតម្រូវឱ្យមកមន្ទីរពេទ្យម្តងទៀតហើយធ្វើការត្រួតពិនិត្យសារជាថ្មី។ សំខាន់បុគ្គលរូបនោះ ឬអ្នកជំងឺរូបនោះ ត្រូវមានស្មារតីនឹងនរ មិនត្រូវស្លន់ស្លោរនោះទេ ហើយការគិតគូរអំពីសុខភាពខ្លួនគឺជារឿងត្រឹមត្រូវក៏ប៉ុន្តែក៏មិនត្រូវភ័យហួសហេតុពេកដែរ ព្រោះជំងឺកូវីដ១៩នេះពុំបណ្តាលឱ្យដួលសន្លប់ ឬស្លាប់ភ្លាមៗនោះទេ ក្នុងករណីដែលអ្នកជំងឺវិជ្ជមាននៃវីរុសនេះ គឺខ្លះក៏មានការវិវត្តទៅភាពធូរស្រាល និងខ្លះក៏វិវត្តទៅភាពធ្ងន់ធ្ងរ ដូចជំងឺទូទៅផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា ការវិភាគសំណាកដើម្បីរករីរុសកូវីដ១៩ ពុំមែនជាការធ្វើវិភាគ ជួសឈាមធម្មតាៗនោះទេ គឺត្រូវធ្វើតាមវិធានក្រសួងសុខាភិបាល តាមរយៈការការពារយ៉ាងល្អិតល្អន់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ក៏ដូចជាដើម្បីចៀសវៀងការឆ្លងនៅក្នុងមន្ទីរពេទ្យផងដែរ។

ក្នុងនោះផងដែរ ឯកឧត្តម លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាដឹងផងដែរថា អ្នកដែលផ្ទុកវីរុសកូវីដ១៩នេះ គឺចំនួន៨០ភាគរយឡើងនឹងជាសះស្បើយដោយឯកឯង ដោយពុំចាំបាច់ព្យាបាលនោះទេ ដោយអ្នកជំងឺនេះគ្រាន់តែញាំទឹកឱ្យបានច្រើន ញាំថ្នាំបញ្ចុះកំដៅ និងអាហារផ្សេងៗឱ្យបានល្អ ហើយត្រូវកាត់បន្ថយភាពតប់ប្រមល់ដោយខ្លួនឯង ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋកុំបារម្ភខ្លាំងជ្រុលពេក ហើយត្រូវជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។

គួររំលឹកថា គិតត្រឹមព្រឹកនេះ កម្ពុជាមានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៣៧រូប ដែលជាករណីនាំចូលទាំងអស់ លើកលែងតែបុរសជនជាតិខ្មែរនៅខេត្តសៀមរាប ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ដែលនាំចូលពីក្រៅប្រទេសដូចគ្នា ក្នុងនោះ១ករណីបានជាសះស្បើយ។

ដោយ ផែន រតនៈ