រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យចរាចរណ៍លើផ្លូវលេខ១០០ និង៧០៥

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នារសៀលថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីការ ត្រួតពិនិត្យ សម្រួលលំហូរចរាចរណ៍ក្នុងក្រុងព្រះសីហនុលើផ្លូវលេខ១០០ និង៧០៥ ដោយ មានការចូលរួមពីកងវិស្វកម្ម១៧៨ និងក្រុមហ៊ុន ROYAL Makong មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីប៉ូលិសចរាចរ និងមន្ត្រីការិយាល័យជំនាញសាលាខេត្តព្រះសីហនុ។

លោក ជាវ វិជ្ជាក់ បានណែនាំឱ្យក្រុមហ៊ុន ROYAL Makong និងកងវិស្វកម្មលេខ១៧៨ ក្នុងការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ នៅពេលកាយដាក់លូ អមសងខាងផ្លូវ ត្រូវលុបដីវិញ ដើម្បីសម្រួលចរាចរណ៍ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ ដោយសារតែកន្លងមក ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ មានការលើកឡើងពីប្រជាពលរដ្ឋថា ការធ្វើចរាចរណ៍ត្រូវបានបិទផ្លូវស្ទើរតែទាំងស្រុង ធ្វើឱ្យផ្លូវមួយចំនួន ជាពិសេសផ្លូវកែង ដូចជាផ្លូវកាល់តិច តូតាល់ និងផ្សារពាណិជ្ជកម្មត្រូវបានបិទ និងបានស្មើសុំឱ្យក្រុមហ៊ុន និងកងវិស្វកម្ម ត្រូវត្រូតពិនិត្យលូណា ដែលមិនត្រូវប្រើប្រាស់ត្រូវដឹកចេញ, កន្លែងបត់ ត្រូវចាក់ដីបំពេញដើម្បីសម្រួលចរាចរណ៍។

លោកអភិបាលរងខេត្ត បានស្មើឱ្យមន្ទីរសាធារណការ និងមន្ត្រីចរាចរណ៍សហការ ជាមួយកងវិស្វកម្ម និងក្រុមហ៊ុន   ROYAL Makong ផ្តល់យោបល់ ដើម្បីកែសម្រួល បើកផ្លូវធ្វើចរាចរណ៍ បញ្ចៀសផលប៉ះពាល់ និងការរិះគន់ពីប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ ៕

ដោយ ងូ សុមុនី