ជំងឺកូវីដ១៩ ជាពិសេស ប៉ះពាល់ទៅលើរោងចក្រ និងកម្មករ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២០ — ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍ថា ផលប៉ះពាល់មួយចំនួនលើសេដ្ឋកិច្ចកម្ពុជាបង្កឡើង​ដោយ​ជំងឺកូវីដ១៩ ជាពិសេស​ប៉ះពាល់ទៅលើរោងចក្រ និងកម្មករ។

ថ្លែងក្នុង​ជំនួបពិភាក្សា​ការងារ​ជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម​រដ្ឋមន្ត្រី​បានមានប្រសាសន៍បន្ថែមទៀតថា​ ថ្មីៗនេះវត្ថុធាតុដើមមួយចំនួនត្រូវបានបញ្ជូន មកដល់ដោយមិត្តចិន ហើយរោងចក្រមួយចំនួនក៏បានចាប់ផ្ដើមដំណើរការឡើងវិញ ហើយ​កម្ពុជាក៏កំពុងតែរៀបចំយុទ្ធសាស្ត្រពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត រួម មានការធ្វើឱ្យប្រសើរឡើងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផលិតកម្ម និងពិពិធកម្មទីផ្សារ និងផលិតផល។

នៅក្នុង​ឱកាសនោះ ឯកឧត្តម​រដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ចូលរួមក្នុង ពិព័រណ៍ផលិតផលនាំចេញនាំចូលកម្ពុជាលើកទី១៥ ដែលនឹងត្រៀមធ្វើនៅខែធ្នូ ឆ្នាំ២០២០ផងដែរ និងបានណែនាំឱ្យធ្វើការជិតស្និតជាមួយនាយកដ្ឋានកម្ម សិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សា និងធ្វើការបន្ថែម ទាក់ទងនឹងការបង្កើតម៉ាកនានា។

ដោយឡែក ឯកឧត្តម ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានទទួលជួបគណៈប្រតិភូរបស់សមាគមជប៉ុន-កម្ពុជា ហើយបានជម្រាបជូន អំពីលទ្ធផលដ៏ល្អប្រសើរនៃដំណើរទស្សនកិច្ចរបស់ក្រុមធុរជនជប៉ុន ដែលសមាគមជប៉ុន-កម្ពុជា បានដឹកនាំមកកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

ជាមួយគ្នានេះដែរ ឯកឧត្តម​ប្រធាន​បានមាន​ប្រសាស៍ថា ដោយមានការគាំទ្រ ខ្លាំងកាលពីឆ្នាំមុន សមាគមជប៉ុន-កម្ពុជានឹងរៀបចំដំណើរទស្សនកិច្ចលើកទីពីរ នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ជាគោលដៅវិនិយោគ និងមូលដ្ឋានផលិតសម្រាប់ផ្គត់ផ្គង់ទៅក្នុងខ្សែចង្វាក់ផលិតកម្មពិភពលោក និងតំបន់។

ឯកឧត្តម​ប្រធានបានគូសបញ្ជាក់បន្ថែមទៀតថា​ សមាគមជប៉ុន-កម្ពុជានឹងនាំ មកនូវសហគ្រាសធុនតូច និងមធ្យមមួយចំនួនមកកម្ពុជា ហើយសង្ឃឹមថា សហគ្រាសទាំងនោះមិនត្រឹមតែដាក់ទុនវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ទេរ ចំណេះដឹង និងបច្ចេកទេសថែមទៀតមកកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី