ជប៉ុនផ្តល់ថវិកាជាង២៤ម៉ឺនដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវ និងស្ពាននៅខេត្តក្រចេះ និងខេត្តកំពត

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ — រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងសរុប២៤៩.៥២៨ ដុល្លារអាម៉េរិក សម្រាប់គម្រោងកែលម្អផ្លូវ និងស្ពាននៅខេត្តក្រចេះ និងខេត្តកំពត ដើម្បីផ្តល់ភាពងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសម្រួលដល់ផ្នែកដឹកជញ្ជូនរបស់ប្រជាសហគមន៍។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ក្រោមគម្រោងទ្រង់ ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ដែលធ្វើឡើងនៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៨ ខែមីនានេះ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ថវិកាចំនួន ៦២.៦៣៨ដុល្លារ ផ្តល់ឱ្យសម្រាប់គម្រោងកែលម្អផ្លូវថ្នល់ក្នុងឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយ មាស ខេត្តកំពត។

ចំណែកថវិកាចំនួន ១៨៦.៨៩០ ដុល្លារទៀត ផ្តល់សម្រាប់គម្រោងសាងសង់ស្ពាន ក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ឯកឧត្តមបានបង្ហាញភាពជឿជាក់ថា គម្រោងអភិវឌ្ឍន៍ នេះ នឹងរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពរស់រវើក តាមរយៈ មធ្យោបាយធ្វើដំណើរដែលល្អប្រសើរដូចជាទៅកាន់សាលារៀន មន្ទីរពេទ្យ ផ្សារ និងតំបន់ ផ្សេងៗទៀត។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបន្ថែមថា ប្រទេសជប៉ុននឹងបន្ត ចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយនៅកម្ពុជា តាមរយៈក្របខ័ណ្ឌ សហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំងក្នុងក្របខ័ណ្ឌជំនួយគូសាណូណិ។

យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានឱ្យដឹងថា ចាប់ តាំង ពីឆ្នាំ១៩៩១ រហូតមក ដល់បច្ចុប្បន្ន  ជំនួយគូសាណូណិសម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតតូច នៅកម្ពុជា មានប្រមាណជាង៦០០គម្រោង ដែលមានដូចជា ហេដ្ឋា រចនា សម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់ការអប់រំនៅកម្រិតមូលដ្ឋាន សុខាភិបាលកម្រិតមូលដ្ឋាន កសិកម្ម ជាដើម៕

ដោយ ប៉ាល់ សុង