អូស្រ្តាលី ប្រកាសនៅតែបន្តជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាល​ដល់នគរបាលជាតិកម្ពុជាបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំនៅកម្ពុជាប្រកាសពីជំហរថា ភាគីអូស្រ្តាលី​ នៅតែបន្តជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្ដីនគរបាលក្នុងការអនុវត្ដច្បាប់ឱ្យកាន់តែរឹងមាំថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅអគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ ឯកឧត្តម Pablo Kang បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អ​រវាងកង​កម្លាំង​អនុវត្តន៍ច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី និងការពង្រឹងការផ្លាស់ប្តូរព័ត៌មាន​លើការ​ប្រយុទ្ធប្រឆាំងបទល្មើសនានា ដូចជា បទល្មើសគ្រឿងញៀន និងអំពើរត់ពន្ធមនុស្ស។ ជាមួយគ្នានេះ អូស្រ្តាលី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នគរបាល​ជាតិ​កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសក្រុមការងារព័ត៌មានទាន់ហេតុការណ៍ ជាមួយជនបរទេស។

ជាការឆ្លើយតបឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ ក៏បានអរគុណដល់អូស្រ្តាលី ដែលកន្លងមកបានជួយដល់នគរបាលជាតិកម្ពុជា លើពង្រឹងសមត្ថភាពដល់នគរបាលប៉ុស្តិ៍រដ្ឋបាលតាមរយៈគម្រោងនគរបាលសហគមន៍(CPI)៕

ដោយ ចាន់ សុធីវង្ស