មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់សារជាថ្មីថា គ្មានការយកលុយចំពោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩នោះទេ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ — លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាន ចេញមុខ​បដិសេធទាំងស្រុងចំពោះការលើកឡើងថា មានការយកលុយចំពោះ​ការធ្វើតេស្ត រកវីរុសកូវីដ-១៩ ហើយចាត់ទុកការលើកឡើងនេះ គឺជាមានចេតនាមិនល្អក្នុងការវាយ​ប្រហារ​មកលើក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការគណៈ​រដ្ឋមន្រ្តី លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ចំនួនអ្នកដែលបានធ្វើតេស្តវីរុសកូវីដ-១៩ គិតមកដល់ពេលនេះគឺមានចំនួន១,១១២ករណី ហើយការធ្វើតេស្តនេះទៀតសោត គឺរាជរដ្ឋាភិ​បាលជាអ្នកចំណាយទាំងអស់។ ត្រង់ចំណុចនេះ លោកជំទាវបានចោទជាសំណួរថា ហេតុអ្វី​បានជាមានការលើកឡើងថា អ្នកដែលធ្វើតេស្តឃើញថាវិជ្ជមាន មានផ្ទុកវីរុសកូវីដ-១៩ គេមិន​យកលុយ ហើយអ្នកធ្វើតេស្តអវិជ្ជមានថាគ្មានផ្ទុកវីរុសកូវីដ-១៩ គេយកលុយទៅវិញ ។

លោកជំទាវរដ្ឋលេខាធិការបានប្រកាសថា មិនមានតម្រូវឱ្យបង់ប្រាក់នោះទេ នៅពេល​ដែលមានតម្រូវការសង្ស័យថាមានផ្ទុកវីរុសកូវីដ-១៩ នេះ ហើយមានការពិនិត្យធ្វើ​តេស្តដោយ​ក្រុមគ្រូពេទ្យ ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ឬរបស់មន្ទីរសុខាភិបាល​ខេត្ត។  ទន្ទឹមនេះ ប្រសិនបើប្រជាពលរដ្ឋមានការព្រួយបារម្ភសុំឱ្យ​ធ្វើការទាក់ទងជាមួយក្រុម​គ្រូពេទ្យរបស់ក្រសួងជាមុនសិន។ លោកជំទាវបានបន្តថា ជាការពិតពលរដ្ឋយើងមាន​ការ​ព្រួយ​បារម្ភចំពោះបញ្ហាសុខភាពរបស់ខ្លួន ហើយចេះតែមានការព្រួយបារម្ភខ្លាចកើតជំងឺកូវីដ-១៩ និងចង់ទៅធ្វើតេស្តរកមើលជំងឺមួយនេះ បើទោះបីជាខ្លួនយើងមិនបានប៉ះពាល់ ឬមិន​បានធ្វើ​ដំណើរទៅណាទាំងអស់។ លោកជំទាវលើកឡើងថា ចំពោះបញ្ហានេះគឺវាគ្មានភាព​ចាំបាច់នោះទេ ហើយបើទៅធ្វើតេស្តនោះលទ្ធផលអវិជ្ជមានសឹងតែ១០០ភាគរយហើយ។

យ៉ាងណាក៏ដោយ បើទោះបីជាយើងធ្វើតេស្តរកឃើញថាអវិជ្ជមានមិនមានផ្ទុក​វីរុស​កូវីដ-១៩ នេះ គឺមិនមានន័យថាយើងនឹងមិនឆ្លងវីរុសកូវីដ-១៩ នេះជារៀងរហូតនោះទេ បើ​យើង​មិនអនុវត្តន៍វិធានការការពារខ្លួនយើង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវ ឱ វណ្ណឌីន។ លោកជំទាវបានសង្កត់ធ្ងន់ថា ការព្រួយបារម្ភគឺជារឿងចាំបាច់​និងជារឿងត្រឹមត្រូវ​ហើយ ប៉ុន្តែសូមកុំភ័យ និងព្រួយខ្លាំងពេក តែប្រជាពលរដ្ឋទាំងអស់ត្រូវផ្តោត​អារម្មណ៍របស់​យើងក្នុងការការពារទប់ស្កាត់ និងអនុវត្តន៍វិធានការអនាម័យផ្ទាល់ខ្លួនរបស់យើង៕

ដោយ ចាន់ សុធីវង្ស