រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ការងារព័ត៌មាន ធ្វើ១ថ្ងៃ ២៤ម៉ោង និង១អាទិត្យ ៧ ថ្ងៃ ដោយមិនមានពេលឈប់នោះទេ

AKP ពោធិ៍សាត់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ការងារព័ត៌មាន គឺត្រូវធ្វើ១ថ្ងៃ ២៤ ម៉ោង ហើយ១​អាទិត្យ ៧ ថ្ងៃ ដោយមិនមានពេលឈប់នោះទេ និងក៏មិនចាំបាច់ដល់ម៉ោង ចាំធ្វើនោះដែរ គឺមិនអាចទៅរួច ហើយក៏តាមទាន់គេនោះទេ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការប្រធានមន្ទីរព័ត៌​មានខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នាសាលប្រជុំសាលាខេត្ត ពោធិ៍សាត់។

ឯកឧត្ដម ខៀវ​ កាញារីទ្ធ បានថ្លែងថា ប្រធានមន្ទីរព័ត៌មាន ដែលឡើងកាន់តំណែង​ដំបូង គឺត្រូ​វប្រមូលផ្តុំមន្រ្តី និងថ្នាក់ដឹកនាំ ក្រោមឱវាទ មកបំពេញកិច្ចការងារជាមួយគ្នា ព្រោះ​ថា​ការងារព័ត៌មាន មិនអាចធ្វើតែម្នាក់ឯងបាននោះទេ ដោយសារព័ត៌មាន មានភាពស្មុគស្មាញ ដែលត្រូវរួមគ្នាធ្វើ។ ជាមួយគ្នានេះ ប្រធានមន្ទីរ សំខាន់មានប្រជាប្រិយភាព​ និងសមត្ថភាព ហើយជាអ្នកចេះប្រមូលម្តុំកម្លាំងគ្នាបំពេញកិច្ចការងារ សាមគ្គីភាពផ្ទៃក្នុង ដើម្បីបំពេញកិច្ចការ​ព័ត៌មាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងនូវឧទាហរណ៍ថា កាលពីមុន​ប្រទេសដែល​មាន​កម្លាំងទ័ព មានអាវុធច្រើន ជាប្រទេសដែលមានអំណាចរឹង ហើយអាច​លើកទ័ពទៅច្បាំង​ជា​មួយប្រទេសគេ អាចនឹងឈ្នះ។ ប៉ុន្តែមុននឹងឈ្នះ ក៏មានការបាត់​បង់​អាយុ​ជីវិតកងទ័ព និងមាន​ការចំណាយលុយអស់ជាច្រើនថែមទៀតផង។ ប៉ុន្ដែសម័យឥឡូវ គេមិនប្រើអំណាច រឹង ទៀត​នោះ​ទេ គេប្រើអំណាចទន់ តាមរយៈអក្សរសាស្រ្ត ខ្សែភាពយន្ត គ្រប់រូបភាព និងប្រព័ន្ធផ្សព្វ​ផ្សាយ​ថ្មីៗជាច្រើន ជាពិសេសព័ត៌មាននេះឯង ដើម្បីជះឥទ្ធិពលលើប្រទេសផ្សេងទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ដូច្នេះព័ត៌មានសំខាន់ណាស់ សម្រាប់សម័យបច្ចុប្បន្ននេះ ព្រោះមនុស្សម្នាក់ជាទូរទស្សន៍មួយ ហើយបញ្ហានេះ ក៏មានការលើកជាសំណួរ ថាហេតុអ្វី​អនុញ្ញាតឱ្យមានច្រើនម្ល៉េះ។ ប៉ុន្តែសម្រាប់រដ្ឋមនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា សិទ្ធិធ្វើជាអ្នកកាសែត គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ម្នាក់ៗ ដែលមិនអាចហាម ឃាត់គេបាន​នោះទេ តែបើខុស នឹងមានបញ្ហាប្រឈម។

ឯកឧត្ដមក៏បានពន្យល់ផងដែរថា ដំណឹងដែលចុះផ្សាយនៅកាសែត និងប្រព័ន្ធព័ត៌មាន ស្របច្បាប់ និងមានវិជ្ជាជីវៈ តារយៈការសម្ដែងមតិ ពេលចុះផ្សាយខុស មិនមានការជាប់​ទោសនោះទេ ដោយតម្រូវឱ្យចុះផ្សាយ កែតម្រូវ។ ប៉ុន្តែការសរសេរកុហក់នៅលើ​បណ្តាញផ្សព្វ​ផ្សាយ​សង្គម ដូចជា Facebook អាច​ជាប់​ទោសបាន ព្រោះអ្នកសរសេរនោះមិន​បានរៀនសូត្រ​ត្រឹមត្រូវ ខាងផ្នែកសារព័ត៌មាននោះទេ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ចំពោះការដែល​គេ​សរសេរផ្សាយនៅលើ Facebook និង YouTube គឺមានឥទ្ធិពលជាងកាសែត ដែលប្រការនេះ​ទាម​ទារឱ្យប្រធានមន្ទីរព័ត៌មាន អនុប្រធាន និងមន្រ្តីផ្នែកព័ត៌មាន​នៃមន្ទីរព័ត៌​មានខេត្ដ ត្រូវចេះ​ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ជាពិសេសត្រូវជួបប្រជុំគ្នា​ជារៀង​រាល់ព្រឹក ដើម្បីពិនិត្យ​តាម​ដានរាល់ព័ត៌មានដែលកើតមានឡើងថ្មីៗ នៅក្នុងព័ត៌មាន ដែល​ពាក់ព័ន្ធខេត្តរបស់ខ្លួន។ បន្ទាប់មកត្រូវរាយការណ៍មកអភិបាលរងខេត្ត ដែលទទួល​ការងារ ព័ត៌មាន ហើយបន្តជម្រាប​ដល់អភិបាលខេត្ត ដើម្បីមានវិធានការដោះស្រាយ និងស្រាយបំភ្លឺ​ជាបន្ទាន់ ជូនដល់ប្រជាពល​រដ្ឋ ថារឿងនេះកើតឡើងដោយសារមូលហេតុអ្វី ទើបមានការស្ងប់ចិត្ត និងបញ្ចៀសបាននូវ​ព័ត៌មានក្លែងក្លាយ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ការសម្រេចរបស់ក្រសួងព័ត៌មាន ក្នុង​ការតែងតាំងប្រធានមន្ទីរព័ត៌មាន គឺជំហានដំបូងត្រូវមានការឯកភាពយល់ព្រមពីថ្នាក់​ដឹកនាំ​ខេត្ត ជាមុនសិន ព្រោះប្រធានមន្ទីរជាអ្នកធ្វើការងារនៅក្នុងខេត្តជាប់ជាប្រចាំ ជាមួយថ្នាក់​ដឹកនាំ​ទាំងពីរ ហើយក៏ជាអ្នកចូលរួមជួយឱ្យខេត្តដំណើរការងារទៅបានល្អទាំងអស់គ្នា។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានណែនាំដល់ប្រធានមន្ទីរព័ត៌មានដែលទើបតែងតាំងថ្មីថា ការងារព័ត៌មានអ្វីដែលសំខាន់គឺការរួមគ្នា នៅក្នុងមន្ទីរ និងថ្នាក់ដឹក មន្រ្តីជុំវិញខេត្ត ពិសេស​ត្រូវ​មានកិច្ចសហការជាប់​ជាមួយអភិបាល​ខេត្ត និងអភិបាលរងខេត្ត ដែលទទួលការងារ​ព័ត៌​មាន ដើម្បីឆ្លើយតបបានទាន់ពេលវេលា ទៅ​លើបញ្ហាដែលកើតមានឡើងក្នុង​ខេត្ត។   

ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ដពោធិ៍សាត់បានសម្ដែង ការកោត​សរសើរដល់ប្រធានមន្ទីរព័ត៌មានខេត្ដ ព្រមទាំងមន្ត្រីរាជការ ដែលកន្លងមកបានខិតខំប្រឹង​ប្រែង ដើម្បីបំពេញតួនាទីជំនាញរបស់ខ្លួនក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានជូនដល់​ប្រជាពលរដ្ឋ នៅគ្រប់បណ្តាមូលដ្ឋាននានា ទូទាំងខេត្ត តាមរយៈនៃការផ្សាយ វិទ្យុ ទូរទស្សន៍ ទាំងរដ្ឋ និងឯកជន ព្រមទាំងតាមបណ្តាញព័ត៌មានសង្គមនានា  ដែលធ្វើឱ្យប្រជាពលរដ្ឋ​ទទួល​បានទាំងសំឡេង ខ្លឹមសារ រូបភាព បានគ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយៈស្មាត​ហ្វូន​ផងដែរ។ ឯកឧត្ដមអភិបាលខេត្តបានចាត់ទុកមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ អាចបំពេញ​ការងារព័ត៌មានបានល្អ គឺដោយសារមានការដឹកនាំល្អ មន្ត្រីនៅក្នុងអង្គភាពសកម្ម ហើយ​ក៏ មានការចូលរួមចំណែកយ៉ាងសំខាន់ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបាន គិតគូរយកចិត្តទុកដាក់ផ្តល់ និងផ្គត់ផ្គង់ម៉ាស៊ីនវិទ្យុ និងទូរទស្សន៍ សម្ភារ​គ្រឿងឧបករណ៍​បច្ចេក​​ទេស និងការបណ្តុះបណ្តាលជាបន្តបន្ទាប់។ ឯកឧត្ដមបានជំរុញលើកទឹកចិត្តឱ្យ​ប្រធាន​មន្ទីរថ្មី និងមន្ត្រីរាជការ គ្រប់ថ្នាក់ បន្តកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាងឱ្យវិស័យវិស័យព័ត៌មានខេត្ត​ពោធិ៍សាត់ ធានាបាននូវនិរន្តរភាព នៃការផ្សព្វផ្សាយច្បាស់លាស់គ្រប់ជ្រុងជ្រោយ ប្រកប​ដោយ គុណភាព និងគុណតម្លៃ ដើម្បីលើកកម្ពស់នៃកម្រិតយល់ដឹងរបស់ ដល់ប្រជាជននៅ​ទូទាំងខេត្ត។ ឯកឧត្ដមអភិបាលខេត្ដស្នើដល់ប្រធានមន្ទីរព័ត៌មានថ្មី យកចិត្ត ទុកដាក់បណ្តុះ​បណ្តាលមន្ត្រីជំនាញ ឱ្យទទួលបាននូវចំណេះដឹងថ្មីពាក់ពន្ធ័ជំនាញរបស់ខ្លួន ស្របតាមបច្ចេក​វិទ្យា នាពេលបច្ចុប្បន្ន  ហើយមន្ត្រីទាំងអស់ត្រូវចែករំលែកបទពិសោធន៍ដល់ មន្ត្រីចូលបម្រើ​ការងារជំនាន់ក្រោយដែលបានសិក្សារៀនសូត្របន្ត។ ឯកឧត្ដមបានបន្ថែមថា ក្នុងឋានៈជាមេ​ដឹកនាំ ចាំបាច់ ត្រូវប្រកាន់ភ្ជាប់នូវភាពចាស់ទុំ អធ្យាស្រ័យខ្ពស់ធ្វើយ៉ាងណា​ចង​ក្រង​និងគ្រប់​គ្រងឈរលើស្មារតីសាមគ្គីឯកភាព និងត្រូវឈរលើច្បាប់សហលក្ខន្តិកៈ មន្ត្រីរាជ​ការ ឱ្យបាន​រឹងមាំ និងត្រឹមត្រូវ។

យោងតាមប្រកាសរបស់ក្រសួងព័ត៌មានស្តីពីការតែងតាំង លោក លាង ទិតដ្ឋាន ជា​ប្រធានមន្ទីរព័ត៌មានថ្មីខេត្តពោធិសាត់ ជំនួសលោក ឡាយ ចេងលាង  ដែលត្រូវចូលនិវត្តន៍។ សម្រាប់នៅទូទាំងខេត្ដ គឺមានស្ថានីយវិទ្យុ១៦ស្ថានីយ ក្នុងនោះ រដ្ឋ ១ ស្ថានីយ និងស្ថានីយ ទូរទស្សន៍ មាន១២ ដែល​ជាស្ថានីយផ្សាយបន្ត និងស្ថានីយ ខ្សែកាប១៕

ដោយ រិទ្ធី​ រូបថត៖ ខឹម សុវណ្ណារ៉ា