អ្នកនាំពាក្យក្រសួងសុខាភិបាល៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនានេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាសរុប៣៥នាក់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០​ —  អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា គិតមក ត្រឹមព្រឹកថ្ងៃទី១៨​ខែមីនាឆ្នាំ២០២០​នេះ​​មានអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាសរុបចំនួន៣៥នាក់ហើយ ខណៈករណី​ជំងឺនេះ សុទ្ធសឹងជាករណីនាំចូលទាំងអស់ លើកលែងតែករណីបុរសជនជាតិខ្មែរ​នៅខេត្ត​សៀមរាប ដែលបានប៉ះពាល់ដោយផ្ទាល់ និងឆ្លងពីបុរសជនជាតិជប៉ុនដែលមានជំងឺនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី១៨ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការ​គណៈរដ្ឋ​មន្ត្រី លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបាន​គូស​បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនានេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សុរបចំនួន៣៥នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នា។ លោកជំទាវបានបន្ដថា ក្រៅពីជនជាតិកម្ពុជា ក្នុងចំណោមអ្នក​ឆ្លងជំងឺកូវីដ-១៩ ទាំង៣៥នាក់ គឺមានជនជាតិចិន០១   អង់គ្លេស ០៣នាក់ កាណាដា០១ នាក់ ប៊ែលហ្សិក០១នាក់ បារាំង០២នាក់ ឪពុក និងកូន និងម៉ាឡេស៊ីចំនួន០៥នាក់៕

ដោយ ប៊ុនរិទ្ធ